កំណើនក្រុមហ៊ុននិងអាជីវកម្មថ្មីៗ ជំរុញឱ្យមានតម្រូវការការិយាល័យងើបឡើងវិញ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុននិងអាជីវកម្មដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ បានចាប់ផ្ដើមដំណើរការឡើងវិញ និងក្រុមហ៊ុនខ្លះក៏បានបើកថ្មីក្រោយពីវិបត្តិបានស្ងប់ស្ងាត់។

ការបើកដំណើរការឡើងវិញ និងការបើកថ្មីៗ នៃក្រុមហ៊ុននៅក្នុងប្រ​ទេសកម្ពុជា ធ្វើឱ្យតម្រូវការការិយាល័យ ក៏មានសន្ទុះកើនឡើងវិញផងដែរជាពិសេសការិយាល័យកម្រិត B និង កម្រិត C។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទៅលើការិយាល័យ នៅក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់នឹងមានសក្ដានុពលខ្ពស់ ហើយទីផ្សារនឹងមានតម្រូវការខ្ពស់នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ផងដែរ ជាពិសេសការិយាល័យកម្រិត B និង កម្រិត C ជាទីផ្សារដែលមានសក្ដានុពលខ្ពស់ ។

លោកបន្តថា កំណើនតម្រូវការការិយាល័យទាំងនេះ ដោយសារតែកំណើននៃក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនដែលបានផ្អាកដំណើរការ និងបើកវិញក្នុងឆ្នាំ២០២២នេះ ។ ក្រុមហ៊ុនទើបតែបើកថ្មីៗ បានស្វះស្វែងរកការិយាល័​យដែលមានស្តង់ដារ តែស្ថិតនៅក្នុងតម្លៃមួយសមរម្យ ក្នុងនោះកម្រិត B និង កម្រិត C ជាប្រភេទដែលមានការពេញនិយមខ្ពស់ ខណៈកម្រិត A ជាប្រភេទការិយាល័យ ដែលមានតម្លៃខ្ពស់ និងសម្រាប់ក្រុមហ៊ុនអន្តរជាតិចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ពីមុនក្រុមហ៊ុនមួយចំនួន បានប្រើប្រាស់ផ្ទះវីឡា ឬផ្ទះល្វែង សម្រាប់ជាការិយាល័យរបស់ពួកគេ ប៉ុន្តែមួយរយៈចុងក្រោយនេះ ពួកគេក៏បានផ្លាស់ប្តូរឥរិយាបថ ដោយបានជួលការិយាល័យ នៅតំបន់ពាណិជ្ជកម្មដូចជាអគារពាណិជ្ជកម្ម ដែលជាបណ្ដុំការិយាល័យ និងក្រុមហ៊ុនជាដើម។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយបានឱ្យដឹងថា ឆ្នាំ២០២២នេះ ម្ចាស់ទីតាំងអាជីវកម្មួមួយចំនួនបានទម្លាក់តម្លៃ នៃការជួលរបស់ខ្លួន ដើម្បីសម្រួលដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មក្រោយងើបពីវិបត្តិ ហើយបើសិនជាកាលណាម្ចាស់ទីតាំងជួលក្នុងតម្លៃខ្ពស់ ឬដូចនឹងមុនវិបត្តិគឺពិបាក ក្នុងការរកអ្នកមកជួល ដែលធ្វើឱ្យអគារមួយៗមិនមានអ្នកជួលនៅសល់ទំនេរច្រើន ។

អ្នកនាងបន្តថា សម្រាប់អ្នកជួលទីតាំងអាជីវកម្ម ក្នុងឆ្នាំ២០២២នេះ ក៏ភាគច្រើនជាអ្នកក្នុងស្រុកដែរ ខណៈបរទេសមិនទាន់រំពឹង ឬមិនទាន់ច្បាស់ថានឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ឬក៏មកបង្កើតក្រុមហ៊ុនថ្មីៗនៅឡើយ ស្របពេលមេរោគកូវីដ១៩បំប្លែងថ្មីកំពុងរាលដាល ទូទាំងសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here