ដោយៈវឌ្ឍនៈ
ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងសរុប៦៣,៦គីឡូម៉ែត្រ (ក្រុងតាខ្មៅ-ជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម) គ្រោងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ព៌តមាននេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការត្រៀមរៀបចំពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ២១ ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការ ងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ បានជួបប្រទះអំឡុងពេលអនុវត្តការងារ។ លោក បានណែនាំឱ្យសមាជិកគណៈកម្មការ សម្រាប់រៀបចំពិធីសម្ពោធដែល ចាត់តាំងដោយលោក ស៊ុន ចាន់ថុល តាមរយៈប្រកាសលេខ. ៨៩២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលខ្លួនបានជួបប្រទះ ជាពិសេសអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដូចមានចែងនៅក្នុងប្រកាសនេះ ឱ្យបានខ្ជាប់ខ្ជួន សំដៅធានាឱ្យពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវនេះ បានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។
ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែន កម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd. គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់ លោកទេសរដ្ឋមន្ត្រី កំណាត់ផ្លូវនេះត្រូវបានគិតគូរយកចិត្តទុក ដាក់ខ្ពស់ចាប់តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ការ បញ្ចប់ការងារសាងសង់ជាស្ថាពរ ក្នុងនោះរួមមាន ការចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេស នៃការសាងសង់ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ដោយផ្ទាល់ និងការដំឡើងជញ្ជីងថ្លឹងយានយន្តការពារការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដើម្បីថែរក្សាកំណាត់ផ្លូវនេះឱ្យបានរឹងមាំ មាន អាយុកាលអាចប្រើប្រាស់បានយូរអង្វែង៕