ដោយ៖ សុផារី
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចាក់វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ច ព្រោះថា វ៉ាក់សាំងជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការឈានទៅកាន់ការបើកប្រទេសនិងបើកសេដ្ឋកិច្ចឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៤៦លានដុល្លាអាមេរិក នៅខេត្តត្បូងឃ្មុំ នាពេលព្រឹកថ្ងៃចន្ទនេះ។
សម្តេចបានបញ្ជាក់ថា “ប្រសិនបើមិនមានការចាក់វ៉ាក់សាំង ឆ្នាំនេះអាចនឹងមិនមានចូលឆ្នាំ។ ប៉ុន្តែ ឆ្នាំនេះ បុណ្យចូលឆ្នាំនៅតែបន្ត។ ជាក់ស្តែង ត្រឹមតែពីរថ្ងៃកន្លងមក ក៏មានជាង១៩ ម៉ឺននាក់ដើរលេងដែរ”។
សម្តេចបន្ត “យើងនៅតែបន្តដំណើរការចាក់វ៉ាក់សាំង ព្រោះ ឥលូវនេះ វ៉ាក់សាំងគឺសេដ្ឋកិច្ចតែម្តង ព្រោះបើមិនមានការចាក់វ៉ាក់សាំងទេ ភាពស៊ាំសហគមន៍ក៏មិនមាន ដល់មិនមានចឹង តើឱ្យយើងធ្វើទំនាក់ទំនងបើកទីផ្សារយ៉ាងមិច បើកសេដ្ឋកិច្ចយ៉ាងមិច? ធ្វើទំនាក់ទំនងយ៉ាងមិច? បរទេសហ៊ានចូលទេ?”
សម្តេចបានមានប្រសាសន៍ថា កន្លងមកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិតែងតែចុះចតនៅទីក្រុងភ្នំពេញប៉ុន្តែកាលពីយប់មិញចាប់ផ្ដើមមានជើងហោះហើរពាណិជ្ជកម្មចុះចតនៅទីក្រុងព្រះសីហនុហើយ ដែលនេះបង្ហាញពីដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់ផ្ដើមងើបឡើងវិញ។
សម្ដេចថ្លែងថា តាមរយៈបទពិសោធន៍កន្លងមករបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងនូវវិបត្តិកូវីដ១៩ កម្ពុជាមានភាពចាំបាច់ក្នុងការបង្កើតឲ្យមានភាពសាំសហគមន៍ គ្រប់ទីកន្លែង។
សម្ដេចបានថ្លែងថា “ឧទាហរណ៍កន្លែងមួយមាន ១០០នាក់ ត្រូវចាក់ឲ្យបានយ៉ាងហោចណាស់ ៩៧នាក់”។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា បើទោះបីអត់មានវ៉ាក់សាំងក៏ដោយ ក៏មិនអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងផុតកាលកំណត់ដែរ។ បើតាមសម្តេចតេជោ គឺកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយយកវ៉ាក់សាំងហួសកាលកំណត់មកចាក់ចោលនៅក្នុងប្រទេសកម្ពុជាឡើយ។ ៕