សម្តេចតេជោៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាកត្តាមួយរួមចំណែកដល់អាយុសង្ឃឹមរស់ខ្ពស់របស់ប្រជាជនកម្ពុជា

0

ដោយៈ សុផារី

ត្បូងឃ្មុំៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កត្តាសំខាន់ៗមួយចំនួនបានរួមចំណែក ដល់កំណើនខ្ពស់នៃអាយុសង្ឃឹមរស់នាពេលបច្ចុប្បន្ន ក្នុងនោះកត្តាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏បានរួមចំណែកដ៏សំខាន់ផងដែរ។

ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនៅក្នុងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ ត្រឹម៥៦ឆ្នាំប៉ុណ្ណោះ តែពេលបច្ចុប្បន្នអាយុសង្ឃឹមរស់ មានរហូតដល់ជាង៧០ឆ្នាំ។

សម្តេចបញ្ជាក់ថា “ក្តីសង្ឃឹមនេះ ដោយសារកត្តាមួយចំនួន មានដូចជា កត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពចម្រើនជីវភាព និងការរីកចម្រើននៃប្រព័ន្ធសេវាសុខាភិបាល”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលកម្ពុជាបានជួបការលំបាកវេទនាយ៉ាងខ្លាំង ក្នុងការដឹកអ្នកជំងឺពីកន្លែងមួយ ទៅកន្លែងមួយទៀត។

សម្តេចថ្លែងថា “នឹកឃើញអតីតកាល ដ៏លំបាកដែលត្រូវដឹកអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយ ដ៏លំបាកហើយគ្មានមធ្យោបាយដឹកជញ្ជូន។ បើទោះបីជាមានមធ្យោបាយដឹក ការតភ្ជាប់នៅពេលនោះក៏មិនទាន់មាន ផ្លូវថ្នល់ក៏មិនទាន់មាន”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងដោះស្រាយនូវតម្រូវការរបស់ជនបទ ហើយសម្រាប់អ្នកមិនធ្លាប់មកកាន់ប្រទេសកម្ពុជាមួយរយៈធំ នៅពេលគេចូលមកកម្ពុជាវិញ ពួកគេនឹងប្លែកភ្នែកនូវការរីកចម្រើន និងការអភិវឌ្ឍសង្គមកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here