ដោយៈ សុផារី
សៀមរាបៈ ដើម្បីពន្លឿនដំណើរការសាងសង់ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនៅកម្ពុជា ប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនាញជាច្រើននាក់មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមីនា ក្រុមសំណង់ចិនចំនួន១៣១នាក់ មកពីគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប បានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
ក្រុមអ្នកជំនាញសាងសង់ត្រូវបានភាគីកម្ពុជា ស្វាគមន៍យ៉ាងកក់ក្ដៅ និងបានជួយដោះស្រាយនីតិវិធីអន្តោប្រវេសន៍ តាមរយៈកងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ប្រភពដដែលបានឱ្យដឹងថា ក្រុមសំណង់ចិនចំនួន១៣១នាក់ (ស្រី ៨នាក់) បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍China Eastern Airlines នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
ក្រុមអ្នកជំនាញសាងសង់ នឹងចូលរួមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងពន្លឿនការសាងសង់គម្រោង តាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២៣។
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី វិនិយោគ និងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) មានទីតាំងនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចំងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុងសៀមរាប៕