ក្រុមហ៊ុ​នចម្រុះជាតិសាសន៍គ្រោងបោះទុនជាច្រើនលានដុល្លារវិនិយោគ រោងចក្រផលិតដែកដ៏ធំមួយនៅខេត្តបន្ទាយមានជ័យ

0

ដោយៈ សុផារី

បន្ទាយមានជ័យៈ ខេត្តបន្ទាយមានជ័យ ទើបទទួលស្វាគមន៍នូវការដាក់ឱ្យដំណើរការរោងចក្រផលិត ដែកដំបូងនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាការជម្រុញនូវការអភិវឌ្ឍទាំងសេដ្ឋកិច្ចក្នុងតំបន់ និងលើកមុខមាត់វិស័យអចលនទ្រព្យ នៅតំបន់ព្រំដែនប្រទេសថៃមួយនេះ។

រោងចក្រផលិតដែកដំបូងមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យមួយគឺក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក ដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន ថៃ នៅដីតំបន់សេដ្ឋកិច្ចរបស់ខ្លួន ស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

រោងចក្រផលិតដែក ដែលត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០២២នេះ ដោយមានការគាំទ្រយ៉ាងផុសផុល ពីផ្នែករដ្ឋបាលរដ្ឋ និងផ្នែកឯកជន ដោយចាប់ផ្តើមដំណើការផលិតកម្ម និងកែច្នៃដែកគ្រឿងសំណង់ឬរោងចក្រដែកទី១ ដំបូងបង្អស់នៅក្នុងខេត្តបន្ទាយមានជ័យ។

លោកតឹក ប៊ុនធឿន តំណាងលោកស្រីប៉ាង ណាគ្រី នៃក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក បានឱ្យដឹងនៅក្នុងពីធីសម្ភោធក្រុមហ៊ុនថា ការឈានដល់ស្រុះស្រួលចូលភាគហ៊ុន និងសុំអាជ្ញាប័ណ្ណបើករោងចក្រដែកទី១ឬដំបូងគេនៅខេត្តបន្ទាយមានជ័យនេះ គឺជាការចូលរួមជាមួយអាជ្ញាធរ​មានសមត្ថកិច្ចនៃរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន។

លោកបន្តថា ដោយមានទីតាំងនៅកៀកព្រំដែនកម្ពុជា ថៃ និងជាពិសេសប្រែក្លាយតំបន់អតីតព្រៃដាច់ស្រយាល តំបន់អតីតសមរភូមិសង្គ្រាម និងតំបន់ចម្ការមីន គ្រាប់យុទ្ធភ័ណ្ឌ ហើយដែលក្លាយជាតំបន់ឈ្នួនសន្តិភាពមរតកសម្តេចតេជោហ៊ុន សែន ទៅជាតំបន់អភិវឌ្ឍន៍។

លោកតឹក ប៊ុនធឿន បន្ថែមថា “កន្លងមកនិងចំពោះមុខ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍តំបន់នោះ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែចំណាយប្រមាណ៣លានដុល្លាសរអាមេរិក វិនិយោគលើវិស័យអចលនវត្ថុ បង្កើតផ្សារ រោងចក្រ សេវាកម្មមួយចំនួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល”។

លោកក៏បានបង្ហើបពីគម្រោងបន្តរបស់ក្រុមហ៊ុន ដែលមានគោលបំណងនឹងកសាងរោងចក្រផលិតសំបករថយន្ត និងអាជីវកម្មវិស័យផ្សេងទៀត ដើម្បីផលចំណេញក្រុមហ៊ុនផង និងរកការងារធ្វើជូនពលរដ្ឋក្នុងមូលដ្ខានផង។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍អបអរសាទរ និងជូនពរដល់ផ្នែកឯកជននេះនិងអះអាងថា នឹងបន្តសម្របសម្រួល បង្កលក្ខណ:ងាយស្រួល ជូនវិនិយោគិនខ្មែរ និងបរទេសទាំងឡាយដើម្បីមកបន្ថែមទៀតបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត។

លោកមានប្រសាសន៍ថា “ពោលគឺនេះ វាស្របនឹងការគិតគូររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក”។

លោកបានស្នើអោយក្រុមហ៊ុននិងម្ចាស់អាជីវកម្ម សូមផ្តល់អាទិភាពកម្លាំងពលកម្មជូនពលរដ្ឋ នៅឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន បានរំលឹកពីគុណតម្លៃនៃមរតកសន្តិភាព ដែលចេញពីគោលនយោ​បាយឈ្នះ ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយនឹងសមិទ្ធផល ក៏ដូចជាការអភិវឌ្ឍន៍ទាំងឡាយ។

លោកបានបញ្ជាក់ថា តំបន់អភិវឌ្ឍន៍នៃក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្រុមហ៊ុនប៉ាង ណាគ្រី នៅភូមិខ្លាងាប់នេះ នឹងភ្ជាប់តរហូតទៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះក្នុងភូមិសាស្ត្រឃុំទួលពង្រស្រុកម៉ាឡៃ ដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោ និងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យទើបនឹងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃចប់ ហើយបាននឹងអភិវឌ្ឍន៍ហេ  ដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកម្ពស់ជីវភាពពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here