វិស័យឯកជនគាំទ្ររដ្ឋក្នុងការបង្កើតប្រព័ន្ធលេខកូដសម្គាល់អចលនទ្រព្យ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមអ្នកជំនាញពីវិស័យឯកជន ដែលផ្តោតលើការងារអចល​នទ្រព្យបានសម្តែងការគាំទ្រ ចំពោះចំណាត់ការរបស់អគ្គនាយកដ្ឋានពន្ឋដា ដើម្បីជម្រុញការបង់ពន្ឋកាន់តែល្អប្រសើរ។

នៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ដើម្បីឲ្យក្រុមហ៊ុន សហគ្រាស ដែលសាងសង់ជាបុរី ឬជាផ្ទះ ក្នុងករណីមិនបង់ពន្ធ នឹងមិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានទេ ហើយការបង្កើតប្រព័ន្ធនេះដើម្បីឲ្យមានតម្លាភាពសម្រាប់អ្នកបង់ពន្ធ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍គាំទ្រ ក្នុងការបង្កើតកម្មវិធីថ្មីរបស់ពន្ធដារនេះ និងបានលើកឡើងកាលពីដើមសប្តាហ៍នេះថា សម្រាប់ការគ្រប់គ្រងដោយទិន្នន័យ ចង់ឬមិនចង់ត្រូវតែមានហើយ ព្រោះថាប្រទេសកាន់តែរីកចម្រើន ការស្វែងរកលំនៅឋានឲ្យមានភាពងាយស្រួល ត្រូវតែមានប្រព័ន្ធគ្រប់គ្រងទិន្នន័យឲ្យល្អនិងត្រឹមត្រូវ ព្រោះថាបណ្តាប្រទេសផ្សេងៗទៀត គេមានរួចអស់ទៅហើយ។

លោកបានបន្តថា “ជាទូទៅម្ចាស់បុរីភាគច្រើន គាត់បានគោរពតាមគោលនយោបាយបង់ពន្ធ ទៅតាមការកំណត់យ៉ាងល្អប្រសើរ ជាពិសេសតាមប្រព័ន្ធទិន្នន័យសព្វថ្ងៃនេះ ដែលរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់រួចហើយ តាមរយៈ ឃ្យូអរ កូដ (QR Code)នៃប្លង់ គ្រាន់តែប្លង់យើងអាចមើលដឹងថា ទីតាំងនៅកន្លែងណា ទាំងឈ្មោះនិងម្ចាស់អចលនទ្រព្យ អញ្ចឹងពីនឹងទៀត វាតែងតែអាចរៀបចំទៅបានតាមប្រព័ន្ធឌីជីថល នៅក្នុងពេលអនាគតផងដែរ”។

ចំណែកតំណាងឲ្យបុរីសុខសាន្តភ្នំពេញ បាននិយាយគាំទ្រដូចគ្នា និងអំពាវនាវដល់អ្នកសាងសង់លំនៅឋានដទៃផ្សេងទៀត ឲ្យចូលរួមអនុវត្ត និងផ្តល់ភាពស្មោះត្រង់ទាំងអស់គ្នា ព្រោះនេះជាកាតព្វកិច្ចយើងទាំងអស់គ្នាត្រូវតែគោរពតាម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដា លោកគង់ វិបុល បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗ​នេះថា កម្មវិធីប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យនេះ នៅពេលដែលសហគ្រាស ដែលសាងសង់ជាបុរី ឬសាងសង់ជាផ្ទះ បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខTax QR កូដទេ។

លោកពន្យល់ថា មានន័យថាម្ចាស់លំនៅដ្ឋាន ដែលចង់មកកាត់ឈ្មោះ​លក់អត់ចេញទេ ខណៈដែលកន្លងមក មានក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងខ្លះ បានប្រកាសពន្ធថា ធ្វើផ្ទះឬវីឡាចំនួនតែ១០០ ប៉ុន្ដែនៅពេលទៅត្រួតពិនិត្យជាក់ស្ដែង គឺធ្វើលើសរហូតដល់១៥០ទៅ២០០ផ្ទះ ដែលធ្វើឲ្យការបង់ពន្ធអត់ស្មើភាពគ្នា ដោយខ្លះបង់ពន្ធត្រឹមត្រូវ និងខ្លះទៀតបង់ពន្ធមិនត្រឹមត្រូវ។

លោកគង់ វិបុលបានបន្តថា ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ដោយមាន ឃ្យូអរ កូដ (QR Code) រាល់ផ្ទះនីមួយៗដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី ឃ្យូអរ កូដហើយ បើអ្នកណាទិញដោយគ្មាន ឃ្យូអរកូដនេះ មានន័យថា ម្ចាស់បុរីអត់បង់ពន្ធ និងអត់បានចុះបញ្ជីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here