តម្លៃសាំងនៅកម្ពុជាអាចហក់ឡើងបន្តទៀត បើតម្លៃប្រេងឆៅឡើងដល់៣០០ដុល្លារក្នុង១បារ៉ែល?

0

ដោយៈសុខុម

ភ្នំពេញ: ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានហក់ឡើងដល់ប្រមាណ១១៤ដុល្លារអាមេរិកក្នុង១បារ៉ែល តម្លៃប្រេងសាំងនៅកម្ពុជា បានហក់ឡើងដល់ប្រមាណ៥.០០០រៀលក្នុង១លីត្រ។

ដូចនេះ ប្រសិនបើតម្លៃប្រេងឆៅ នៅលើទីផ្សារអន្តរជាតិហក់ឡើងដល់៣០០ដុល្លារអាមេរិក ក្នុង១បារ៉ែលដូចការព្រមាន ខណៈរុស្ស៊ីបន្តទទួលរងទណ្ឌកម្មដូចទឹកបាក់ទំនប់ ដោយសារប្រទេសនេះបញ្ឆេះសង្គ្រាម ចូលឈ្លា​នពានប្រទេសអ៊ុយក្រែនមែននោះ តម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងហក់ឡើងបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានព្រមានកាលពីថ្ងៃច័ន្ទ ទី៧ មីនា ថា បណ្ដាប្រទេសលោកខាងលិច អាចប្រឈមមុខនឹងតម្លៃប្រេងឆៅ លើសពី៣០០ដុល្លារក្នុង១បារ៉ែល ហើយអាចនឹងឈានទៅដល់ការបិទបំពង់បង្ហូរឧស្ម័នរុស្ស៊ី-អាល្លឺម៉ង់ ប្រសិនបើរដ្ឋាភិបាលនានាបន្តគំរាមកំហែងកាត់ផ្ដាច់ ការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ មីនា។

ការព្រមានថា តម្លៃប្រេងឆៅអាចហក់ឡើង ដល់៣០០ដុល្លារអាមេរិក ក្នុង១បារ៉ែលនេះ គឺមានលទ្ធភាពអាចទៅរួច ក្រោយពីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ ទី៨ មីនា ដាក់បម្រាមលើគ្រប់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ដើម្បីដាក់គំនាបឱ្យប្រទេសនេះ បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃពុធ ទី៩ មីនា នេះ។

យោងតាមសារព័ត៌មានដដែលនេះឱ្យដឹងថា ពេលនេះតម្លៃជួញដូរប្រេងឆៅ នៅលើទីផ្សារអន្តរជាតិសម្រាប់ខែឧសភា ខាងមុខនេះបានឡើងលើស១៣០ដុល្លារហើយក្នុង១បារ៉ែល ក្រោយពីសហរដ្ឋអាមេរិក បានសម្រេ​ច ដាក់បម្រាមលើការនាំចូលប្រេងពីប្រទេសរុស្ស៊ី។

តម្លៃប្រេងឆៅនៅលើទីផ្សារអាមេរិក សម្រាប់ការជួញដូរក្នុងខែមេសា ខាងមុខនេះ បានឈានដល់១២៦ដុល្លារហើយក្នុង១បារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here