តម្លៃដីនៅលើផ្លូវ៦០ម៉ែត្រស្ថិតក្នុងសភាពទ្រឹងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ

0

ដោយៈជេស៊ីកា

       ភ្នំពេញៈ ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ដែលពុះចំកណ្តាលទីក្រុងរណបING CITYបាន និងកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿន ប៉ុន្តែតម្លៃដីធ្លីកំពុងស្ថិតនៅក្នុងសភាពទ្រឹង។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៩ មិនានេះថា ក្នុង  រយៈពេលពពីរឆ្នាំចុងក្រោយនេះ តម្លៃដីនៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវរណបដទៃទៀត មិនមានតម្រូវការច្រើននោះទេ ហើយបើមានអ្នករកទិញក៏ស្ថិតក្នុងទំហំដីតូចៗ ប៉ុន្តែផ្លូវនេះដីភាគច្រើនមានទំហំធំៗ។

អ្នកស្រីបន្តថា “ក្នុងរយៈពេលចុងក្រោយនេះ ដីនៅតំបន់នេះស្ថិតក្នុងសភាពទ្រឹង ដោយសារតម្រូវការនៅមានកម្រិត ខណៈអ្នកត្រូវការដីធំៗសំរាប់អភិវឌ្ឍន៍មិនសូវមាននោះទេ”។អ្នកស្រីបន្តថា “តម្លៃដីនៅលើផ្លូវធំ មានតម្លៃចន្លោះពី២០០០ទៅ២៥០០ដុល្លារ ប៉ុន្តែដីនៅលើផ្លូវរណបដូចជាផ្លូវ៥០ម៉ែត្រ តម្លៃស្ថិតនៅចន្លោះពី១២០០ ទៅ១៣០០ដុល្លារអាមេរិកក្នុង​មួយម៉ែត្រការ៉េ”។

ជាមួយគ្នានេះ អ្នកស្រីរំពឹងថា ដីនៅតាមបណ្តោយផ្លូវនេះ អាចនឹងមានកំនើនឡើងវិញ នៅរយៈពេលពីរទៅ៣ឆ្នាំខាងមុខ នៅពេលសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរឡើងវិញ ពិសេសលំហូរចូលក្រុមហ៊ុនអន្តរជាតិធំៗ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងស្រដៀងគ្នាថា ដីនៅតំបន់នេះមិនទាន់ឡើងថ្លៃទេ ដោយសារវិបត្តិរយៈពេលពីរឆ្នាំមកនេះ ប៉ុន្តែស្ថានភាពនឹងប្រសើរឡើងវិញ ពេលសេដ្ឋកិច្ចរបស់យើងល្អ។

លោកបន្តឲ្យដឹងផងដែរថា ដីនៅតំបន់នេះមានតម្លៃចន្លោះពី១៨០០ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាតម្លៃស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែដីនៅតាមផ្លូវតូចៗ មានតម្លៃចន្លោះពី១២០០ ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

មហាវិថីសម្តេចតេជោហ៊ុន សែនមានប្រវែងសរុបជាង៩គីឡូម៉ែត្រ ដែ​លតភ្ជាប់តំបន់ប្រសព្វ រវាងមហាវិថីព្រះមុនីវង្ស និងផ្លួវ២៧១ ឆ្ពោះទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២៕

LEAVE A REPLY

Please enter your comment!
Please enter your name here