សាស្រ្តាចារ្យមួយរូបៈមហាយក្សចិននៅតែអាចវ៉ាឈ្នះអាមេរិកក្លាយជា មហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោក

0

ដោយៈសុខុម

ប៉េកាំង: ពិតណាស់ថា វិបត្តិសង្រ្គាម ដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែន បានធ្វើឱ្យកក្រើកពិភពលោកទាំងមូល។ ទោះជាយ៉ាងណា វិបិត្តនេះនឹងមិនអាចរារាំងមហាយក្សចិន មិនឱ្យវ៉ាឈ្នះសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០៣០បានឡើយ។

អតីតអនុប្រធានធនាគារពិភពលោក លោក Justin Lin Yifu ដែលបច្ចុប្បន្នជាសាស្ត្រាចារ្យ បង្រៀននៅសកលវិទ្យាល័យប៉េកាំង (Peking University) ព្រមទាំងមានឋានៈជាទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋាភិបាលក្រុងប៉េកាំង ផងនោះបានបង្ហាញសុទិដ្ឋិនិយម ដោយភាពជឿជាក់មោះមុតនៅស ប្ដាហ៍នេះថា គ្មានអ្វីអាចរារាំងមហាយក្សចិនបានឡើយ ទោះបីជាក្រុមវិនិយោគិន នៅក្រៅប្រទេសសម្រុកលក់ ចេញមូលបត្របំណុលរបស់ចិន កាលពីពេលថ្មីៗនេះយ៉ាងណាក្ដី។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធទី៩ មីនា ឱ្យដឹងថា ក្រុមវិនិយោគិននៅក្រៅប្រទេសបានសម្រុកលក់ចេញមូលបត្របបំណុលចិន រហូតដល់ទៅ១០,៦ពាន់លានដុល្លារអាមេរិកកាលពីខែមុន។

ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានលើកឡើងថា “ខ្ញុំជឿជាក់យ៉ាងមុតមាំលើការព្យាកររបស់ខ្ញុំថា ប្រទេសចិននឹងវ៉ាឈ្នះសហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ២០៣០”។

លោកបានបន្ថែមទៀតថា “សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងជះផលប៉ះពាល់មកលើប្រទេសចិន ប៉ុន្តែវាក៏នឹងជះផលប៉ះពាល់ លើសហរដ្ឋអាមេរិក ដូចគ្នា។ គ្រប់ប្រទេសទាំងអស់ នឹងមានសន្ទុះកំណើនសេដ្ឋកិច្ចយឺតជាងមុន”។

ការឈ្លានពានរបស់រុស្សី ចូលក្នុងប្រទេសអ៊ុយក្រែន កើតឡើងក្នុងគ្រាដែលសម្ពាធសេដ្ឋកិច្ចថមថយ និងភាពតានតឹងកើនឡើងជាមួយមហាអំណាចលោកខាងលិច សម្រាប់ប្រទេសចិន ព្រមទាំងស្ថានការណ៍មិនប្រាកដប្រជាទូទាំងពិភពលោក ដែលបណ្តាលមកពីសង្រ្គាមនៅអ៊ុយក្រែន និងការរាំងស្ទះនានា ដែលកំពុងកើតមាន ដោយសារការរីករាលដាលវីរុសកូវីដ-១៩ ផងដែរ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here