សម្តេចក្រឡាហោមស្នើឱ្យយកចិត្តទុកដាក់បញ្ហាសន្តិសុខ ដើម្បីជម្រុញទំនុកចិត្តរបស់អ្នកវិនិយោគក្នុងខេត្តព្រះសីហនុឡើងវិញ

0

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ស្នើឱ្យយកចិត្តទុកដាក់កែលម្អមុខមាត់ខេត្តព្រះសីហនុឡើងវិញ លើបញ្ហាសណ្តាប់ធ្នាប់ និងសន្តិសុខ ដើម្បីជម្រុញទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។

សម្តេចក្រឡាហោមបានមានប្រសាសន៍ថា កន្លងមកខេត្តព្រះសីហនុជាប់ឈ្មោះមិនល្អរឿងអសន្តិសុខ បទល្មើសឧក្រិដ្ឋនៅកើតមាន និងមានការលើកឡើងពីការបង្កភាពរញ៉េរញ៉ៃរបស់ជនជាតិចិន ធ្វើបាក់មុខមាត់ខេត្ត ជះឥទ្ធិពលមិនល្អដល់កិត្យានុភាពរបស់ខេត្ត អ្នកវិនិយោគមានការរារែកចិត្ត។

សម្តេចក្រឡាហោមបានមានប្រសាសន៍ថា “តើយើងត្រូវកែមុខមាត់ក្រុងព្រះសីហនុយ៉ាងដូចម្តេច? ទី១ កន្លងមកមានការចោទប្រកាន់ថា វត្តមានរបស់ជនជាតិចិននៅក្នុងក្រុងព្រះសីហនុបានរារាំងការវិនិយោគពីបណ្តាប្រទេសផ្សេងទៀត ដូចជា ប្រទេសជប៉ុន កូរ៉េ បណ្តាប្រទេសអាស៊ាន និងលោកខាងលិចជាដើម”។

សម្តេចក្រឡាហោមបានបន្តថា “យើងត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះជាមួយអ្នកពាក់ព័ន្ធ ក្នុងការកែលម្អមុខមាត់”។ សម្តេចក្រឡាហោមបានបន្តថា “កត្តាទី២ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលបានកើតឡើងកន្លងមក ដែលដោះស្រាយមិនទាន់បានទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក្តី”។

សម្តេចក្រឡាហោមស្នើឱ្យភាគីពាក់ព័ន្ធទាំងឡាយរួមគ្នាក្នុងការដោះស្រាយបញ្ហាទាំងនេះឱ្យបានជាមូលដ្ឋាន។

សម្តេចក្រឡាហោមបានបន្ថែមថា រូបភាពនៃបទឧក្រិដ្ឋទាំងនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ទំនុកចិត្តនៃអ្នកវិនិយោគ។ សម្តេចក្រឡាហោមបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាបង្ក្រាបឱ្យបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅក្នុងក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here