ដោយៈសុផារី
បន្ទាយមានជ័យៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជួបពិភាក្សា ជាមួយអភិបាលខេត្តស្រះកែវ ប្រទេសថៃ លោកParinya Phothisat ដើម្បីជួបប្រជុំពិភាក្សាគ្នា ទៅលើការបើកដំណើរការជាបណ្ដោះអាសន្ន នូវច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដើម្បីនាំទំនិញចេញចូល។
គម្រោងដំណើរការជាបណ្តោះអាសន្ន ច្រកព្រំដែននេះធ្វើឡើងស្របពេលគម្រោងសាងសង់ អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានត្រឹមជាង៣០ភាគរយប៉ុណ្ណោះ គិតត្រឹមដំណាច់ឆ្នាំ២០២១នេះ ដែលយឺតជាងផែនការកំណត់ បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងកត្តាអាកាសធាតុ។
លោកអ៊ុំ រាត្រី បានមានប្រសាសន៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងគោលបំណងពិភាក្សា លើការបើកដំណើរការជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ។
លោកបានបន្តថា “ទោះបីជាអគាររដ្ឋបាលកម្ពុជា សម្រេចបានត្រឹមតែ៤០ភាគរយ និងខាងថៃសម្រេចបាន៩០ភាគរយ ប៉ុន្តែកិច្ចប្រជុំពិភាក្សានេះ គឺពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សា ដើម្បីបើកដំណើរការជាបណ្តោះអាសន្ន សម្រាប់ដឹកទំនិញចេញចូល”។
យ៉ាងណាក្តី បើតាមការលើកឡើងរបស់លោកអ៊ុំ រាត្រី បានឱ្យដឹងថា ភាគីទាំងពីរ មិនទាន់មានការសម្រេចថា បើកឱ្យដំណើរការថ្ងៃណា ពេលណានោះទេ ដោយរងចាំគោលការណ៍រាជរដ្ឋាភិបាល នៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាល សម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ៕