ដោយៈសុផារី
ភ្នំពេញ: ស្របពេលដែលពិភពលោកបាន និងកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំនេះ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែនបានបន្ថែមបន្ទុកសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។
ប្រមុខថ្នាក់ដឹកនាំកម្ពុជា បានសម្តែងការព្រួយបារម្ភ នូវផលប៉ះពាល់ពីសង្គ្រាមនេះ ដែលបន្ថែមបន្ទុកដល់សេដ្ឋកិច្ច ដែលកំពុងតែចាប់ផ្តើមមានកំណើនរបស់កម្ពុជា។
អ្នកជំនាញនៃវិស័យអចលនទ្រព្យ ក៏មើលឃើញពីផលប៉ះពាល់ដោយប្រយោលមកលើសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់កម្ពុជាផងដែរ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍នៅថ្ងៃទី១០ ខែមីនានេះថា ព្រឹត្តិការណ៍សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។
លោកឧកញ៉ាបន្តថា “ការបិទខ្ទប់និងកំណើនតម្លៃថាមពល ដែលបណ្តាលមកពីសង្គ្រាមនេះ បានធ្វើឱ្យមានការកើនឡើងនៃអតិផរណា។ ប្រជាជន នឹងបង្វែរការចំណាយលើអ្វី ដែលចាំបាច់ជាមុនសិន ដោយសកម្មភាពការវិនិយោគ ការកំសាន្តនិងត្រូវបានពន្យារពេល”។លោកឧកញ៉ាថា “អតិផរណាឡើងភ្លាម ប្រជាជនគាត់គិតគូរជីវភាពប្រចាំថ្ងៃជាមិនសិន។ អ្វីដែលគាត់ចំណាយ គាត់នឹងផ្អាកការចំណាយ ចំណាយត្រូវ១០០នៅសល់តែ៣០ទៅ៤០ទេ”។
ចំំណែកលោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ទោះបីជាវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរឡើងវិញ ដោយសារស្ថានភាពល្អនៃការគ្រប់គ្រងកូវីដ១៩ក្តី តែបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅកម្ពុជា ដោយផ្ទាល់និងដោយប្រយោល ដែលបណ្តាលឱ្យអ្នកវិនិយោគ នៅតែមានការព្រួយបារម្ភ។
លោកស្រីមានប្រសាសន៍ថា “ទោះបីជាអ្នកវិនិយោគមកពីប៉ែកអឺរ៉ុបមិនសូវជាមានច្រើនក្តី វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា នៅតែរងផលប៉ះពាល់ មិនថាដោយផ្ទាល់ឬដោយប្រយោលទេ”។អ្នកស្រីបន្ថែមថា “ជាក់ស្តែង តម្លៃនៃវត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ សម្ភារៈផ្សេងៗ ទៀតនៅក្នុងវិស័យសំណង់ មានការកើនឡើងខ្ពស់ ដែលប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍ដោយត្រង់”។
លោកស្រីបន្តថា “ប្រសិនបើបណ្តាប្រទេសនៅតំបន់អឺរ៉ុប ទទួលរងនូវផលប៉ះពាល់ពីសង្គ្រាមនេះ នោះកម្ពុជានឹងទទួលរងផលប៉ះពាល់ផងដែរ”។
ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា វិបត្តិនេះបានធ្វើឲ្យការលក់លំនៅដ្ឋានតាមបុរីនានាធ្លាក់ចុះយ៉ាងខ្លាំង ដែលស្ថានភាពបែបនេះបានធ្វើ ឲ្យអ្នកវិនិយោគមួយចំនួនបានពន្យាគំរោងរបស់ពួកគេ ដោយសារស្ថានភាពនៃការលក់ទៅមុខគើម គើមដូចអណ្តើក។
អ្នកឧកញ៉ាបានបន្តថា “វិបត្តិជំងឺកូវីដ អូមីក្រុងក៏ជាផ្នែកមួយសំខាន់ ដែលធ្វើឲ្យការលក់បុរីនានាបានធ្លាក់ចុះផងដែរ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានសម្តែងនូវការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ដោយសារកើនឡើងនៃតម្លៃប្រេង នៅលើពិភពលោក ដែលរុញច្រាន ឱ្យមានការកើនឡើងអតិផរណា ដោយសារកម្ពុជាជាប្រទេសនាំចូលប្រេងទាំងស្រុង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃតម្លៃប្រេងនេះ បានបន្ថែមបន្ទុកសេដ្ឋកិច្ច ពីលើផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលអូសបន្លាយជាង២ឆ្នាំមកនេះ។
សម្តេចបន្តថា “សេដ្ឋកិច្ចរបស់កម្ពុជា រងផលប៉ះពាល់ពីកូវីដ១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែសង្គ្រាមរុស្ស៉ី -អ៊ុយក្រែន ហើយកំពុងតែពង្រីក ទៅជាសង្គ្រាមរុស្ស៉ីជាមួយអឺរ៉ុប”។សម្តេចបានបន្តថា “យើងបានមើលឃើញផលប៉ះពាល់ ដល់ពិភពលោកនិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណា នៅតាមបណ្តាប្រទេសផ្សេងៗឱ្យកើនខ្ពស់ ដោយសារតម្លៃប្រេង”។