ដោយៈសុខុម
អន្តរជាតិ: ប្រទេសរុស្ស៊ី បានចេញផ្សាយសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនា ដែលនឹងអាចរារាំងដល់ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីនានា ពីប្រគល់យន្តហោះជួល ឱ្យទៅបណ្ដាក្រុមហ៊ុនលោកខាងលិចជាម្ចាស់ដើមវិញ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា យន្តជួលទាំងនេះ មានតម្លៃរហូតដល់ទៅជាង១០ពាន់លានដុល្លារ ហើយផ្អែកតាមសេចក្ដីព្រាងច្បាប់ថ្មីរបស់រុស្ស៊ីនេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅមានមន្ទិលចំពោះជោគវាសនារបស់យន្តហោះទាំងនោះ។
ទណ្ឌកម្មដែលត្រូវបានដាក់ដូចទឹកបាក់ទំនប់ បន្ទាប់ពីប្រទេសរុស្ស៊ី បញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន ទុកពេលឱ្យបណ្ដាក្រុមហ៊ុនជួលយន្តហោះត្រឹមថ្ងៃទី២៨ ខែមីនា ដើម្បីដោះស្រាយកិច្ចសន្យាជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ហើយប្រាកដណាស់ថា ឱកាសដែលក្រុមហ៊ុនជួលទាំងនោះ អាចយកយន្តហោះរបស់ខ្លួនត្រលប់មកវិញ គឺស្ដួចស្ដើងណាស់។
ក្រោមសំណើច្បាប់ដែលព្រាងច្បាប់ ដែលធ្វើឡើងដោយក្រសួងដឹកជញ្ជូននេះ បណ្ដាក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី នឹងត្រូវបង់ថ្លៃជួលយន្តហោះជារូបិយប័ណ្ណជាតិរ៉ូប៊ល (Rouble) ពេញមួយឆ្នាំ២០២២។
ប្រសិនបើក្រុមហ៊ុនជួលយន្តហោះបរទេសណា បញ្ចប់កិច្ចព្រមព្រៀងជួលក្នុងពេលនេះ គណៈកម្មការពិសេសរបស់រដ្ឋាភិបាលរុស្ស៊ី នឹងត្រូវសម្រេចថា តើយន្តហោះណាដែលអាចប្រគល់ឱ្យវិញបាន ហើយយន្តហោះណាដែលត្រូវឃាត់ទុកនៅក្នុងប្រទេសរុស្ស៊ី៕ Reuters៕