វិភាគៈហេតុអីចិនមិនថ្កោលទោសរុស្ស៊ី តើជំហរចិនស្ថិតនៅខាងណាពិតប្រាកដ?

0

ដោយៈសហសេវិក

អន្តរជាតិៈ បណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បានថ្កោលទោស និងកំពុងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹង រុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស”។

អាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប ក៏បានអំពាវនាវឱ្យចិនថ្កោលទោស សកម្ម​ភាពរបស់រុស្ស៊ី ដែលពួកគេចាត់ទុកថាជាទង្វើឈ្លានពានផងដែរ ប៉ុន្តែចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ចិនហាក់ប្រកាន់ជំហរមិនច្បាស់លាស់។

តាមរយៈសេចក្ដីថ្លែងការណ៍ ចេញផ្សាយជាបន្តបន្ទាប់ដោយក្រសួងការបរទេសចិន, ទីក្រុងប៉េកាំង មិនបានគាំទ្រសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនទេ តែក៏មិនបានថ្កោលទោសរុស្ស៊ីនោះដែរ។ ម្លោះហើយសំណួរត្រូវបាន​បោទសួរថា តើចិនកំពុងគិតអ្វី ហើយចិនឈរនៅខាងណាឱ្យប្រាកដ?

*តើលោក ពូទីន ប្រាប់លោក ស៊ី ជិនពីង ជាមុនពីប្រតិបត្តិការយោធានៅអ៊ុយក្រែន ឬ?
យោងតាមកាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងកាលពីដើមខែមីនា កន្លងទៅថា ចិនបានដឹងជាមុនទៅហើយ ពីប្រតិបត្តិការយោធារបស់លោក ពូទីន ដោយក្រុមមន្ត្រីជាន់ខ្ពស់ចិន បានស្នើទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី កាលពីដើមខែកុម្ភៈកន្លងទៅ ឱ្យពន្យារពេលបើកការវាយប្រហារ លើអ៊ុយក្រែន រហូតចាំដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាប្រចាំទីក្រុងប៉េកាំងបិទបញ្ចប់សិន ប៉ុន្តែចិនបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ។

បើគេមើលទៅលើសកម្មភាពរបស់មន្ត្រីទូតចិន ប្រចាំអង្គការសហប្រជាជាតិ វាហាក់ដូចជាទីក្រុងប៉េកាំង ពិតជាមិនបានដឹងជាមុនឡើយ និងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឭដំណឹងថាលោក ពូទីន ប្រើកម្លាំងយោធាលើអ៊ុយក្រែន រហូតដល់មិនបានត្រៀមខ្លួនជម្លៀសពលរដ្ឋចិន ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែនទៀតផង។

យ៉ាងណាក៏ដោយ អ្វីដែលគេអាចនិយាយបាន នោះគឺថាសង្រ្គាមនៅអ៊ុយក្រែន កើតមានឡើងនៅចំពេលទំនាក់ទំនង រវាងលោក ស៊ី ជិនពីង និងលោក ពូទីន កាន់តែជិតស្និទ្ធនឹងគ្នាខ្លាំង ជាងពេលណាៗទាំងអស់។ ម្លោះហើយ ចម្លើយជាក់លាក់មួយនៃសំណួរខាងលើ ប្រហែលជាគ្មាននរណាផ្សេង អាចឆ្លើយបានឡើយ ក្រៅតែពីលោក ស៊ី ជិនពីងដែលជាអ្នកមានសិទ្ធិសម្រេចរឿងគ្រប់យ៉ាង នៅក្នុងប្រទេសចិន។

*តើចិនឈរនៅខាងណាឱ្យប្រាកដ?
តាមរយៈសេចក្ដីថ្លែងការណ៍ជាច្រើន របស់ក្រសួងការបរទេសចិន ទីក្រុងប៉េកាំងបានបង្ហាញ “ជំហរអព្យាក្រឹត” ដិ្បតមូលដ្ឋានគ្រឹះមួយនៃនយោ​បាយ ការបរទេសចិន គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោរពបូរណភាពទឹកដីនៃបណ្ដាប្រទេសដទៃ ក្នុងនោះរួមមានទាំងអ៊ុយក្រែនផងដែរ។

តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីចិនបានអះអាងថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី បានឈានដល់ដំណាក់កាល “គ្មានព្រំដែនកំណត់” ហើយក៏បានឆ្លៀតរិះគន់ផងដែរថា សង្រ្គាមនៅអ៊ុយក្រែន កើតឡើងដោយសារតែកំហុសរបស់សហរដ្ឋអាមេរិក និងNATO ដែលជាអ្នកយកសាំងទៅចាក់លើភ្លើងកំពុងឆេះ តាមរយៈការបង្កើនការដាក់ពង្រាយកងទ័ព នៅក្បែរតំបន់ព្រំដែនរុស្ស៊ី។

សម្រាប់ចិន អាមេរិក និង NATO គួរតែយកចិត្តទុកដាក់ចំពោះការស្នើពីការធានាសន្តិសុខរបស់រុស្ស៊ី ហើយថាការដាក់ទណ្ឌកម្មមិនមែនជាមធ្យោ​បាយល្អ ក្នុងការដោះស្រាយជម្លោះនោះទេ ដោយភាគីពាក់ព័ន្ធគួរតែរក្សាការអត់ធ្មត់ និងត្រឡប់មករកកិច្ចសន្ទនា។

*តើចិនអាចចំណេញពីសង្រ្គាមនៅអ៊ុយក្រែនឬទេ?
បើតាមក្រុមអ្នកជំនាញ ចិនមិនចង់ឃើញសង្រ្គាម នៅអ៊ុយក្រែនផ្ទុះឡើងឡើយ ព្រោះថារុស្ស៊ីជាមិត្តដ៏ជិតស្និទ្ធ រីឯអ៊ុយក្រែនជាដៃគូរកស៊ី ដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់លោក ស៊ី ជិនពីង តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ មួយវិញទៀត ចិនក៏មិនចូលចិត្តភាពចលាចលដែរ ដ្បិតសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកល មានទំនាក់ទំនងនឹងគ្នា ហើយអ្វីដែលចិនចង់បាន នោះគឺស្ថិរភាពពាណិជ្ជកម្ម សម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ដូច្នេះថាតើចិនអាចចំណេញពីសង្រ្គាមនេះដែរឬទេ? បើតាមក្រុមបញ្ញ វន្ត និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅក្នុងសង្រ្គាមអ៊ុយក្រែន យ៉ាងហោចណា​ស់វាធ្វើឱ្យអាមេរិក និងអឺរ៉ុប ជាប់ដៃជាមួយរុស្ស៊ី ជាពិសេសគឺវាអាចទាញចំណាប់អារម្មណ៍របស់អាមេរិក ចេញពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឬការតាមឃ្លាំមើល សកម្មភាពរបស់ចិនក្នុងតំបន់អាស៊ីបានមួយគ្រាដែរ ហើយកាន់តែប្រសើរទៅទៀត។ សង្រ្គាមនេះនឹងកាន់តែធ្វើឱ្យរុស្ស៊ី ពឹងផ្អែកលើចិនរឹតតែខ្លាំង។
*តើចិនអាចជួយឱ្យរុស្ស៊ីឈ្នះឬ?

ចិន ត្រូវបានគេស្គាល់ថាជាប្រទេសមួយ ដែលមានការប្រុងប្រយ័ត្នបំផុត និងជាកំពូលមហាអំណាចថ្មីមួយ ដែលកំពុងលេចមុខមាត់នៅលើឆាកអន្តរជាតិ រហូតដល់សហរដ្ឋអាមេរិក ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់ខ្លួន ក្នុងស.វទី២១នេះ។

ទំនាក់ទំនងរវាងរុស្ស៊ី និងចិន បានរីកចម្រើនធំធាត់ពីឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែចិននឹងមិនផ្ដល់ជំនួយយោធា ឬដំណោះស្រាយតាមមធ្យោបាយយោ​ធាណាមួយដល់រុស្ស៊ីឡើយ។

ខណៈកំពុងជាប់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច អ្វីដែលរុស្ស៊ីអាចសង្ឃឹមបាននោះ គឺមិត្តចិននេះឯង ដែលអាចជួយ បង្កើនការទិញប្រេង ឧស្ម័ន និងថាមពលពីទីក្រុងម៉ូស្គូ។ តែទោះ​ជាយ៉ាងនេះក្ដី ប្រសិនបើរុស្ស៊ីគិតថា ចិនអាចនឹងដើររំលងទណ្ឌកម្មលោកខាងលិច ដើម្បីខ្លួននោះវាប្រហែលជារឿងមួយ ធ្វើឱ្យម៉ូស្គូខកចិត្តទៅវិញ ដោយហេតុថានៅចុងបញ្ចប់ ចិននឹងនៅតែ “ឈរនៅខាងខ្លួនឯង”។

បានន័យថា ចិននឹងមិនឈរពាំងទណ្ឌកម្មជំនួសរុស្ស៊ីទេ ហើយក៏មិនអាចឱ្យធនាគារ ឬក្រុមហ៊ុនចិន ត្រូវជាប់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបដែលទីផ្សារធំបំផុតសម្រាប់ទំនិញរបស់ខ្លួនដែរ។

*តើចិននឹងធ្វើដូចម្ដេច បើសង្រ្គាមអ៊ុយក្រែនផ្ទុះជាជម្លោះរវាង NATO និងរុស្ស៊ី?
សហរដ្ឋអាមេរិក និង NATO មកទល់នឹងម៉ោងនេះ នៅតែប្រកាន់ជំហរថា ពួកគេនឹងមិនបញ្ជូនកងទ័ព ឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នោះទេ តែបានព្រមានថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការឆ្លើយតបភ្លាមៗ បើរុស្ស៊ីបង្កការគំរាមកំហែង ឬបើកការវាយប្រហារណាមួយ លើបណ្ដាប្រទេសជាសមាជិក NATO។

ជាការពិតណាស់ សង្រ្គាម ឬជម្លោះណាមួយ ដែលបង្កឱ្យសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបរង្គោះរង្គើរ ចង់ឬមិនចង់វាក៏ធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចចិនដែរ ពីព្រោះថាអាមេរិក និងអឺរ៉ុប គឺជាទីផ្សារដ៏ធំសម្រាប់ទំនិញចិន។ ដូច្នេះនៅក្នុងករណី ដែលសង្រ្គាមអ៊ុយក្រែន ផ្ទុះទៅជាជម្លោះរវាង NATOនិងរុស្ស៊ី រឿងមុន គេដែលចិនអាចនឹងធ្វើ នោះគឺនៅឱ្យឆ្ងាយពីជម្លោះ ហើយឡើងទៅឈរនៅលើកំពូលភ្នំ ដើម្បីសម្លឹងរកផលប្រយោជន៍ ដែលចិនអាចប្រមូលបានពីជម្លោះ រវាង NATO និងរុស្ស៊ី។

*តើទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺជាប្រព័ន្ធសម្ពន្ធមិត្តឬ?
ចិនបានបញ្ជាក់ច្បាស់ៗថា ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី គឺ “គ្មានព្រំដែនកំណត់” ហើយប្រទេសជាមិត្តទាំង២នេះ មានប្រព័ន្ធដឹកនាំរដ្ឋដោយអំណាច ស្ថិតនៅលើមនុស្សម្នាក់ដូចគ្នា និងមានសត្រូវរួម គឺអាមេរិក និងលោកខាងលិច។ មើលពីសំបកក្រៅទំនាក់ទំនងរវាងចិន និងរុស្ស៊ី ពិតជាស្អិតល្មួតនឹងគ្នាពិតមែន ប៉ុន្តែពួកគេមិនចង់បានប្រព័ន្ធសម្ពន្ធមិត្តឡើយ។

តើមកពីហេតុអ្វី? ហេតុផលគឺនៅត្រង់ថា ប្រព័ន្ធសម្ពន្ធមិត្ត គឺត្រូវបានចងភ្ជាប់ដោយពាក្យសន្យា។ មានន័យថា នៅពេលដែលនរណាម្នាក់ វាយប្រហារលើសម្ពន្ធមិត្តរបស់អ្នក អ្នកត្រូវតែចេញមុខការពារ និងលូកដៃចូលជួយពួកគេ។

សម្រាប់ចិន សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនអាចបង្ហាញយ៉ាងច្បាស់ថាចិនគិតត្រូវ ព្រោះថាបើទំនាក់ទំនងរវាងចិន និងរុស្ស៊ីសព្វថៃជាសម្ពន្ធមិត្ត ម្ល៉េះចិនត្រូវចេញមុខការពារ ឬចូលរួមក្នុងសង្រ្គាមជាមួយរុស្ស៊ីបាត់ទៅហើយ។ ការមិនចូលបក្សសម្ពន្ធ គឺជានយោបាយមួយរបស់ចិនជាយូរមកហើយ ដោយក្រុមបញ្ញវន្តចិនយល់ស្របដូចគ្នាថា នៅក្រៅបក្សសម្ពន្ធ ធ្វើឱ្យចិនមានសេរីភាព ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន៕

បកប្រែសម្រួលដោយ Freshnews។
ប្រភព៖ The Economist (ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២)៕

LEAVE A REPLY

Please enter your comment!
Please enter your name here