ដោយៈ សុខុម
ទីក្រុងឡុងដ៍: អង់គ្លេស ប្រកាសផ្តល់ប្រាក់ឈ្នួល ដល់ពលរដ្ឋដែលសុខចិត្ត ជួយផ្ដល់កន្លែងជ្រកកោនដល់ប្រជាជនអ៊ុយក្រែន ដែលរត់ចេញពីសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី ខណៈរដ្ឋាភិបាលប្រទេសនេះ ព្យាយាមបង្វែងដានការខឹងសម្បារ ចំពោះការឆ្លើយតបរបស់ខ្លួន ទៅនឹងវិបត្តិជនភៀសខ្លួន ដែលរីករាលដាលលឿនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ នេះ។
រដ្ឋាភិបាលអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យ ទី១៣ មីនា ថា គម្រោងថ្មី ដែលមានឈ្មោះថា Homes for Ukraine (ផ្ទះសម្រាប់ប្រជាជនអ៊ុយក្រែន) នេះនឹងអនុញ្ញាតឱ្យជនភៀសខ្លួន ពីសង្គ្រាមមកកាន់ប្រទេសអង់គ្លេស ទោះបីជាពួកគេមិនមានទំនាក់ទំនងគ្រួសារក៏ដោយ។
រដ្ឋាភិបាលអង់គ្លេស នឹងបង់ថ្លៃឈ្នួលប្រចាំខែចំនួន៤៥៦ដុល្លារអាមេរិក ប្រសិនបើផ្ទះណាអាចផ្តល់បន្ទប់ទំនេរមួយ ឬ អនុញ្ញាតឱ្យពួកគេស្នាក់នៅជាមួយបណ្ដោះអាសន្នបានយ៉ាងតិចរយៈពេល៦ខែ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានព្យាយាមបង្ហាញថា ប្រទេសអង់គ្លេស ជាអ្នកជួយដឹកនាំការឆ្លើយតបជាសកល ចំពោះឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលរបស់លោកបានប្រឈមនឹងការរិះគន់ ចំពោះការពន្យារពេលទទួលយកជនភៀសខ្លួន។
ក្រុមសមាជិកសភាមកពីគ្រប់គណបក្សនយោបាយធំៗ បានរិះគន់ការទទូចចង់បានរបស់រដ្ឋាភិបាល ដែលទាមទារឱ្យប្រជាជនអ៊ុយក្រែន ស្វះស្វែងសុំទិដ្ឋាការ និងឆ្លងកាត់ការធ្វើតេស្តសុខភាព មុនពេលមកដល់ប្រទេសអង់គ្លេស។
សមាជិកសភាទាំងនោះបានលើកឡើងថា ការទាមទារបែបនេះគឺមានន័យថា រដ្ឋាភិបាលអង់គ្លេស យកបញ្ហាការិយាធិបតេយ្យ ធ្វើជាអាទិភាពសំខាន់ជាងការគិតគូ ពីសុខុមាលភាពរបស់អ្នក ដែលភៀសខ្លួនចេញពីសង្គ្រាម។
រដ្ឋាភិបាលនិយាយថា ក្រោមកម្មវិធីថ្មីនេះ សាធារណជន អង្គការសប្បុរសធម៌ អាជីវកម្ម និងក្រុមសហគមន៍នានា គួរតែមានលទ្ធភាពផ្តល់កន្លែងស្នាក់នៅ ដល់ជនភៀសខ្លួនអ៊ុយក្រែន តាមរយៈទំព័រវេប(Web page) មួយនៅត្រឹមដំណាច់សប្តាហ៍ក្រោយ៕ Reuters៕