រដ្ឋាភិបាលចិនអនុម័តឱ្យក្រុមហ៊ុន Evergrande ចាប់ផ្ដើមលក់រថយន្ត អគ្គិសនីដំបូងដែលខ្លួនផលិតបាន

0

ដោយៈសុខុម

សៀងហៃ: រដ្ឋាភិបាលចិន បានអនុម័តឱ្យបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជំពាក់បំណុលរុំកោះ ចាប់ផ្តើមបើកលក់រថយន្តអគ្គិសនីម៉ូឌែលរថយន្តអគ្គិសនី ប្រភេទស្ព័រ Hengchi 5ហើយ។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បានសម្រេចដាក់បញ្ចូលរថយន្តអគ្គិសនី Hengchi ចំនួន២ម៉ូឌែលដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ China Evergrande New Energy Vehicle Group ចូលទៅក្នុងសៀវភៅកាតាឡុករថយន្តអគ្គិសនី ដែលខ្លួននិយាយថាត្រូវបានណែនាំសម្រាប់ “ការផ្សព្វផ្សាយ និងការប្រើប្រាស់”។ នេះបើយោងតាមឯកសារ ដែលនិយ័តករបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ មីនា។

ម៉ូឌែលរថយន្តអគ្គិសនី ដែលត្រូវបានដាក់បន្ថែមចូលទៅក្នុងសៀវភៅកាតាឡុកនេះ ត្រូវបានចាត់ទុកថាមានសិទ្ធិទទួលបានការឧបត្ថម្ភធន និងអាចដាក់លក់នៅលើទីផ្សារបាន។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានចេញសេចក្ដីថ្លែងការណ៍ថា ការអនុម័តយល់ព្រមនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា។

មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន China Evergrande New Energy Vehicle Group នឹងចាប់ផ្ដើមលក់រថយន្តទាំងនេះនៅខែមេសា ដ៏ខ្លីខាងមុខ។

ដោយមិនបង្ហាញតួលេខជាក់លាក់ ប្រភពដដែលនិយាយថា គោលដៅនៃការលក់នេះ គឺមិនខ្ពស់ពេកទេនៅឆ្នាំនេះ ដោយសារកត្តាផលិតកម្ម ប៉ុន្តែនឹងកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជាក្រុមហ៊ុនមេបានបដិសេធ មិនធ្វើអត្ថាធិប្បា​យទេជុំវិញបញ្ហានេះ៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here