អ្នកជំនាញថា ដីធ្លីនៅតាមបណ្តោយផ្លូវលេខ៥១នៅតែបន្តមាន សកម្មភាពវិនិយោគ

0

   ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យ ដែលផ្តោតសំខាន់លើប្រភេទដីធ្លីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ នៅតែមានសកម្មភាពលើការវិនិយោគ ដោយសារដីធ្លីនៅតាមតំបន់នេះ នៅមានតម្លៃសមរម្យ និងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន បានបង្ហាញវត្តមានជាបន្តបន្ទាប់។

រោងចក្រ សហគ្រាស និងតំបន់សួនឧស្សាហកម្ម បាននឹងកំពុងបោះទីតាំងនៅតាមបណ្តោយផ្លូវជាតិមួយនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ មិនានេះថា តំបន់ផ្លូវជាតិលេខ៥១ នៅពេលបច្ចុប្បន្ននេះ នៅតែបន្តមានសកម្មភាពទិញលក់ជាធម្មតា ទាស់ត្រង់ថា មិនសូវផុសផុលដូចមុនពេលផ្ទុះកូវីដក្នុងសហគមន៍ ហើយតម្លៃដីធ្លីក៏នៅធូរថ្លៃ។

លោកបន្តថា “អ្វីដែលសំខាន់គឺទំហំដីនៅតំបន់នេះ នៅមានវិសាលភាពធំទូលាយ មិនចាញ់តំបន់ផ្សេងៗនោះឡើយ ដែលអាចបង្កភាពងាយស្រួលក្នុងការ ទិញ ត្រៀមអភិវឌ្ឍន៍គម្រោងធំៗណាមួយ ខណៈដែលតំបន់នេះ ក៏កំពុងក្លាយជាតំបន់ឧស្សាហកម្មជាយក្រុង ដែលប្រមូលផ្តុំទៅដោយរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងផ្សារតំបន់ផងដែរ”។

លោកច្រឹក សុខនីម បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឱ្យរោងចក្រ សហគ្រាសផ្សេងៗ រើទីតាំងចេញពីទីក្រុង  ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ ដែលភាគច្រើន គម្រោងទាំងនោះបានបាញ់ឆ្ពោះ ទៅកាន់នៅតំបន់ផ្លូវ៥១នេះ ដែលធ្វើឱ្យតម្លៃនៅទីនេះ កាន់តែឡើងថ្លៃជាបន្តបន្ទាប់កាលពីចុងឆ្នាំ២០២១៩ ជាពិសេសតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ច និងជាទីបណ្តុំប្រជុំជននៅជាប់ផ្លូវធំតែម្ដង។

លោកថ្លែងបន្តថា តម្លៃដីនៅតាមផ្លូវនេះមានតម្លៃចាប់ ៤០ រហូតដល់ ១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមប្រភេទនៃសណ្ឋា​នដី និងទីតាំងរបស់ដី។ បច្ចុប្បន្នទាំងនៅតំបន់ជាប់ផ្លូវ៥១ និងតំបន់ក្បែរគ្នាគឺនៅមានដីទំនេរច្រើន ហើយបើទិញនាពេលបច្ចុប្បន្ននេះ អាចនៅមានតម្លៃធូរថ្លៃបន្តិច ព្រោះក្នុងវិបត្តិកូវីដ គ្មានអ្នកទិញមិនអាចតម្លើងតម្លៃបាន ប៉ុន្តែបើរង់ចាំទៅថ្ងៃខាងមុខបន្តិចទៀត  ឬក្រោយស្ងប់ស្ងាត់បញ្ហាកូវីដ តម្លៃវាអាចនឹងកើនឡើងមួយកម្រិតទៀត ជាពិសេសបន្ទាប់ពីមានគម្រោងធំចូលទៅអភិវឌ្ឍន៍នៅតំបន់នេះកាន់តែច្រើន។

ជាមួយគ្នានេះ លោក ផូន សុអុនដែន ប្រធានផ្នែកលក់នៃក្រុមហ៊ុន  KH Land បានឱ្យដឹងថា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខផ្លូវ៥១នឹងមានសក្ដានុពលដូចជា ផ្លូវមហាវិថីឈ្នះ ឈ្នះនាពេលបច្ចុប្បន្ននេះ ហើយលោកក៏បានផ្ដល់ជាទស្សនៈថា បើចង់បានប្រាក់ចំណេញ នៅពេលអនាគតអាចវិនិយោគនៅផ្លូវ៥១ តែបើរង់ចាំ៥ឆ្នាំខាងមុខ នោះតម្លៃដីធ្លីនឹងកើនឡើងខ្ពស់និងពិបាកក្នុងការទិញដីដើម្បីវិនិយោគណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here