ដោយ: ម៉ាលីស
ភ្នំពេញ: រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រីកុយ សុដានី បានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយវិស័យភស្តុភារកម្ម ដែលបានរៀបចំដាក់ចេញកន្លងមក និងធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការស្នើរបែបនេះក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យពិភាក្សាឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ កុយ សុដានី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាពដែលត្រូវអនុវត្តបន្តនៅ ខែបន្ទាប់ សំណូមពរ និងបញ្ហាប្រឈមនានា ដែលត្រូវពិភាក្សាជាមួយក្រុមការងារ PMU លើវឌ្ឍនភាពនៃ ការរៀបចំគោលនយោបាយ វិស័យភស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
អង្គប្រជុំបានស្តាប់ និងលើកយកមកពិភាក្សានូវរបាយការណ៍សង្ខេបស្តីអំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពមួយចំនួន ក្នុងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងទំនាក់ទំនងព័ត៌មានពាក់ព័ន្ធ នឹងវឌ្ឍនភាព និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ។
បន្ថែមពីលើនេះ លោកស្រី បានលើកពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃគម្រោងការធ្វើឱ្យប្រសើរឡើង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនបាវិត និងស្ទឹងបត់ និងបានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយវិស័យភស្តុភារកម្ម ដែលបានរៀបចំដាក់ចេញកន្លងមក និងធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
បច្ចុប្បន្នភាគីកម្ពុជា កំពុងអនុវត្តការងារពង្រីកផ្លូវ ក្នុងតំបន់ទ្រនាប់ (Buffer Zone) ដែលជាចំណែកទទួលខុសត្រូវដោយភាគីកម្ពុជា នៅច្រកទ្វារបាវិត។
ជាមួយគ្នានេះផងដែរ ប្រធានក្រុម ជំនាញការ JICA ក៏បានស្នើសុំឱ្យមានការជួបប្រជុំ ក្រុមការងារចម្រុះផ្នែកដឹកជញ្ជូនកម្ពុជា-វៀតណាម ដើម្បីជំរុញឱ្យភាគីវៀតណាម ធ្វើការពង្រីកផ្លូវក្នុងតំបន់ទ្រនាប់(Buffer Zone) ក្នុងចំណែកទទួលខុសត្រូវ របស់ភាគីវៀតណាមដើម្បីសម្រួល និងកាត់បន្ថយការកកស្ទុះចរាចរណ៍ រវាងប៉ុស្តិ៍ច្រកទ្វារព្រំដែនទាំងពីរ នៃប្រទេសទាំងពីរ៕