ដោយៈសុខុម
ហុងកុង: ការសម្រុកចាកចេញរបស់ជនបរទេស និងពលរដ្ឋកាន់លិខិតឆ្លងដែនអង់គ្លេស ពីហុងកុង បានបន្តដាក់សម្ពាធលើទីផ្សារលំនៅដ្ឋានក្នុងទីក្រុងនេះ ជាពិសេសនៅ Tung Chung។
ប្រឈមនឹងស្ថានភាពបែបនេះ តើលំនៅដ្ឋានទាំងនោះមានតម្លៃថោកល្មមដែលអាចទាក់ទាញអ្នកទិញដែរឬទេ?។
យោងតាមក្រុមហ៊ុនអចលនទ្រព្យ Centaline Property ឱ្យដឹងថា តម្លៃផ្ទះនៅ Tung Chung ក្នុងតំបន់ New Territories ដែលពេញនិយមសម្រាប់ក្រុមនាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ ដោយសារនៅជិតអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងនេះ បានធ្លាក់ចុះ៥%ចាប់តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមក។
គេរំពឹងថា ផ្ទះទាំងនោះនឹងបន្តធ្លាក់ថ្លៃនៅក្នុងត្រីមាសទី២ ដោយសារក្ដីព្រួយបារម្ភ អំពីការខាតបង់ក្នុងទីផ្សារភាគហ៊ុន និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
នៅតំបន់ Tseung Kwan O និង Sai Kung ព្រមទាំង Kennedy Town ស្លាកប្រកាសលក់ផ្ទះត្រូវបានលើកឡើង ឬបិទព្រោងព្រាតដោយដាក់ថា “ផ្ទះលក់ដើម្បីធ្វើអន្តោប្រវេសន៍” ឬ “ផ្ទះលក់បន្ទាន់” ជាដើម។
សារព័ត៌មានបានចុះផ្សាយកាលពីខែមុនថា ម្ចាស់ផ្ទះមួយចំនួនធំនៅតំបន់ Yuen Long និងតំបន់ Tuen Mun សុខចិត្តលក់ខាតក៏លក់ដែរឱ្យតែលក់ផ្ទះចេញ។
តួយ៉ាងផ្អែកតាមទិន្នន័យទីផ្សារបង្ហាញថា នារីបម្រើការងារលើយន្តហោះម្នាក់ ប្រចាំក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific កាលពីសប្ដាហ៍មុន បានលក់អាផាតម៉ិនរបស់នាង ដែលមានផ្ទៃក្រឡា៣៦ម៉ែត្រការ៉េនៅ Coastal Skyline ក្នុងតម្លៃ៧៥១.២០០ដុល្លារអាមេរិក ដើម្បីវិលត្រលប់ទៅប្រទេសឥណ្ឌាវិញ។
ការលក់នេះបង្ហាញពីតម្លៃទាបបំផុត សម្រាប់យូនីតដែលមានមួយបន្ទប់គេង នៅក្នុងទីផ្សារលំនៅដ្ឋានក្រុងហុងកុង ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ មក។
លោក Tommy Wong នាយកផ្នែកលក់ប្រចាំក្រុមហ៊ុនអចលនទ្រព្យ Centaline Property បានលើកឡើងថា “អ្នកទិញមានសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាន ហើយទិញវាទុកជួល”។ លោកបន្តថា “ពេលនេះជាពេលដ៏ល្អ ដែលអ្នកទិញអាចទិញបានក្នុងតម្លៃល្អ ស្របពេលទីផ្សារកំពុងប្រែប្រួលឡើងចុះមិនទៀង”៕ South China Morning Post៕