រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩នៅកម្ពុជានឹងចេញជារូបរាងនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ

0

ដោយៈ សុធារី

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិតយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩ អាចនឹងចេញជារូបរាងនៅចុងឆ្នាំ២០២២នេះ ឬនៅដើមឆ្នាំ២០២៣ខាងមុខនេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានអះអាងឲ្យដឹងបែបនេះ នៅក្នុងពេលអញ្ជើញ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទAstraZeneca ចំនួន៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី កាលពីយប់ថ្ងៃទី១៥ ខែមីនាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រីបានបន្តថា “រាជរដ្ឋាភិបាល នឹងរៀបចំរោងចក្រវេខ្ចប់និងច្រកវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាលបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងភាគីចិនជាបន្តបន្ទាប់ ដោយទទួលបានលទ្ធផលជាវិជ្ជមានមួយដំណាក់កាលហើយ។ ដូច្នេះ នឹងធ្វើការពិភាក្សាបន្តបន្ទាប់ទៀត”។ លោកស្រីសង្ឃឹមថា “ការវិនិយោគរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩នេះ អាចនឹងចេញជាលទ្ធផលនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ”។

មកដល់ពេលនេះ កម្ពុជាបានទទួលជំនួយវ៉ាក់សាំង និងបញ្ជាទិញវ៉ាក់សាំងចំនួន៤៣លាន៨សែនដូស និងត្រូវបានរំពឹងថា នឹងទទួលបានសរុបប្រមាណជាង៥០លានដូស នៅត្រឹមចុងឆ្នាំ២០២២នេះ។ ប្រទេស ដែលបានផ្តល់ជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មកកម្ពុជា រួមមាន ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ឥណ្ឌា អ៊ីតាលី ហូឡង់ ប៉ូឡូញ និងហុងគ្រី ជាដើម។

សម្តេចតេជោហ៊ុន សែន កាលពីចុងឆ្នាំ២០២១កន្លងទៅ បានថ្លែងថា កម្ពុជាគ្រោងនឹងបើកដំណើរការ រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រភេទ “ស៊ីណូហ្វាម” នៅក្នុងស្រុកឆាប់ៗនេះ  ដោយនៅពេលដែលកម្ពុជា មានរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុក នោះក្តីកង្វល់អំពីបញ្ហាកង្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលជាទិសដៅអាទិភាព នឹងលែងជាបញ្ហាទៀតហើយ ពីព្រោះកម្ពុជានឹងអាចផ្គត់ផ្គងបានដោយខ្លួនឯងផ្ទាល់ និងអាចកាត់បន្ថយការដឹកជញ្ចូនតាមផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here