ទីផ្សារដីធ្លីជុំវិញគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលចំនួនពីរនឹងហក់ឡើងបន្តទៀតនៅពេលខាងមុខ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍របស់រដ្ឋចំនួនពីរ គឺគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ និងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ បាននិងកំពុងជំរុញតម្លៃដីធ្លីឱ្យកាន់តែមានសន្ទុះមួយកម្រិតទៀត។

ចាប់តាំងពីគម្រោងធំៗទាំងពីរបានចាប់ផ្ដើមអនុវត្តបានធ្វើឱ្យតម្លៃនិងហាងឆេងដីធ្លីហក់ងើបមួយកម្រិត ជាពិសេសបានទាក់ទាញការវិនិយោគជាច្រើនចូលទៅតំបន់ក្បែរនោះ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងពីសក្ដានុពលនិងបញ្ជាក់ផងដែរថា ដីជុំវិញគម្រោងអភិវឌ្ឍន៍ទាំងពីរនឹងហក់ឡើងបន្ថែមទៀត ដោយមិននៅត្រឹមហ្នឹងនោះទេ។

លោកឧកញ៉ា កាំង សុធី អគ្គនាយកក្រុមហ៊ុនCentury 21 Land Stationបានមានប្រសាសន៍ថា គ្រាន់តែលេចលឺនូវព័ត៌មាននៃការកកើតឡើងនៃគម្រោងវិនិយោគនៅកន្លែងណាមួយ គឺវាបានធ្វើឱ្យសន្ទុះនៃការទិញលក់កក្រើកឡើងម្ដងរួចទៅហើយ។ នៅពេលបន្ទាប់វាធ្វើឱ្យអ្នកដែលមានជីវភាពធូរធា អ្នកដែលមានលុយច្រើននឹងស្វែងរកការវិនិយោគនៅតំបន់នោះយ៉ាងច្រើនកុះករ។

លោកឧកញ៉ាបន្តថា កត្តាទាំងនេះនឹងធ្វើឱ្យចលនានៃការទិញលក់អចលនទ្រព្យកើនឡើងជាបន្តបន្ទាប់និងជំរុញឱ្យតម្លៃដីនៅជុំវិញតំបន់នោះនឹងកើនឡើងមួយកម្រិតទៀតផងដែរ ដោយសារតែនៅពេលមានគម្រោងធំៗណាមួយកើតឡើង រាជរដ្ឋាភិបាលនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះដែរ ជាក់ស្ដែងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងពហុកីឡដ្ឋានមរតកតេជោជាដើម។

លោកឧកញ៉ាបន្ថែមថា “ដីធ្លីនៅជុំវិញគម្រោងអភិវឌ្ឍន៍ធំៗ រង្វង់១០ទៅ១៥គីឡូម៉ែត្រនឹងមានហាងឆេង និងតម្លៃនឹងកើនឡើង ជាបន្តបន្ទាប់ ដូច្នេះអ្នកមានទុនអាចវិនិយោគលើដីធ្លីទុកយកចំណេញនៅពេលអនាគតពិតជាមិនខុសឡើយ”។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យPropNex Cambodiaបានមានប្រសាសន៍ផងដែរថា តំបន់ខាងជើងភ្នំពេញមានគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ ដែលជាកត្តាទាក់ទាញការវិនិយោគលើលំនៅឋាន ហើយនឹងកំលាយទៅជាតំបន់ពាណិជ្ជកម្មនៅពេលឆាប់ៗជាក់ជាមិនខាន។

លោកស្រីក៏បានលើកឡើងពីនៅខាងត្បូង ដែលមានគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាកត្តាទាក់ទាញដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ ដូចជា អ្នកអភិវឌ្ឍន៍លំនៅឋាន ផ្សារទំនើប និងអគារខ្ពស់ៗជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here