វិភាគៈតើអ្នកវិនិយោគចិនត្រលប់មកកាន់ក្រុងព្រះសីហនុវិញទេ?

0

ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ព្រះអាទិត្យថ្មី មិនទាន់រះនៅក្រុងព្រះសីហនុទេ ពពកខ្មៅក៏មិនទាន់បានរសាត់ចេញ ពីទឹកសមុទ្រខៀវស្រងាត់ នៅតាមបណ្តោយឆ្នេរដ៏វែងអន្លាយរបស់ខេត្តនេះនៅឡើយ។

ហេដ្ឋារចនាសម្ព័ន្ឋលើសពី៣៤ខ្សែបាន និងកំពុងសាងសង់បន្ត ដោ​យ​ប្រែក្លាយទីក្រុងនេះ ជាមួយនឹងសោភ័ណភាព របៀបរៀបរយជាមុន និងមានអគារកំពស់កម្រិតមធ្យម និងអគារកប់ពពក មានរហូតដល់១៦៦១គំរោង ដែលគំរោងទាំងនេះបានចាប់ផ្តើមពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

តើស្ថានភាពក្រុងព្រះសីហនុបែបណានាពេលបច្ចុប្បន្ន?
ទីក្រុងដែលធ្លាប់តែស្ងប់ស្ងាត់ ប្រែក្លាយជាអូរអរ និងក្រោយមកស្ងប់ស្ងាត់ឡើងវិញ ប្រៀបដូចទឹកសមុទ្រជោរហើយនាចនេះ កំពុងគេងលង់លក់ជាមួយនឹងសុបិន ដ៏រវើរវាយមួយរបស់ម្ចាស់គំរោងនានា ដែលបានខ្ចីលុយធនាគារមកសាងសង់អាគារពាណិជ្ជកម្ម អគារសំរាប់ជួល និងកាស៊ីណូនានា។

ក្នុងចំណោមអគារ ដែលបានសាងសង់ចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ អាគារបានផ្អាកការសាងសង់ មានចំនួន៣៦៨អគារ អគារកំពុងដំណើរការសាងសង់មានចំនួន៧៨អគារ សំណង់ដែលបានបញ្ចប់ការសាងសង់ និងមិនដំណើរការមានចំនួន ២៥១អគារ និងអគារកំពុងដំណើរការអាជីវកម្មមានចំនួន ២៧៨អគារ។

ក្នុងស្ថានភាពជូបវិបត្តិផ្ទួនៗ លើការបិទហ្គេមអនឡាញរបស់រដ្ឋាភិបាលកាលពីដើមឆ្នាំ២០២០ យ៉ាងតក់ក្រហល់ គ្រោះទឹកជំនន់ ការកាត់ផ្តាច់ EBA ២០ភាគរយពីសហគមន៍អឺរ៉ុប ការមកដល់នៃវិបត្តិជំងឺកូវីដ១៩ រយៈពេលជាងពីរឆ្នាំ ការមកដល់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន និងការជាប់ដៃ ក្នុងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកបានធ្វើឲ្យក្រុងព្រះសីហនុ បានលង់លក់ជាមួយនឹងក្តីសង្ឃឹមដែរ តែសង្ឃឹមតិចៗ។

តើស្ថានភាពប្រទេសចិនបែបណា?
ប្រទេសចិនបាន និងកំពុងរៀបចំគោលនយោបាយរបស់ខ្លួនឡើងវិញ ទាក់ទងនឹងខ្សែក្រវ៉ាត់១ ផ្លូវ១ ហើយប្រទេសនេះ បានរអិលធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យ ដោយសារការដាក់ចេញ គោលនយោបាយប្រជានិយម បែ​បឆ្វេងនិយមរបស់ប្រធានាធិបតីចិនស៊ី ជីនពីង ដែលធ្វើឲ្យក្រុមហ៊ុន Evergande និងក្រុមហ៊ុនដទៃទៀត បានប្រឈ​មមុខនឹងការដួលរលំ ព្រោះវិស័យអចលនទ្រព្យ តំណាងឲ្យ៣៥ភាគរយ នៃផលទុនជាតិសរុបរបស់ចិន។

ជាមួយនឹងហានិភ័យដ៏ធំនេះ រដ្ឋាភិបាលចិនបានកែសម្រួលផែនការ និងគោលនយោបាយរបស់ខ្លួនឡើងវិញ ដោយអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា អាចខ្ចីឥណទានយកមកអភិវឌ្ឍន៍៍ ហើយប្រជាពលរដ្ឋ អាចខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុ ដែលធ្វើឲ្យពួកគេអាចមានលទ្ឋភាពទិញ ឬវិនិយោគអចលនទ្រព្យឡើងវិញ។

ជាលទ្ឋផលវិស័យអចលនទ្រព្យរបស់ចិន បានងើបឡើងវិញបណ្តើរៗ ជាមួយនឹងសញ្ញាសុទិដ្ឋិនិយម ប៉ុន្តែយ៉ាងណាសេដ្ឋកិច្ចរបស់ប្រទេសនេះពិបាកសម្រេចបានកំណើន លើសពី៥,៥ភាគរយនៅឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់លោកលី ខឺឈាងនាយកដ្ឋមន្រ្តីចិន ដែលនឹងលាលែងចេញពីដំណែងនៅក្នុងខែមិនា ឆ្នាំ២០២៣។

ការកើនឡើងនូវវិបត្តិជំងឺកូវីដ របស់ចិន និងវិធានការណ៍រឹតបន្តឹងយ៉ាងម៉ត់ចត់របស់រដ្ឋាភិបាលចិន និងផលប៉ះពាល់ពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានធ្វើឲ្យប្រទេសចិនជួបបញ្ហាប្រឈមរបស់ខ្លូនផងដែរ។

គោលនយោបាយបិទខ្ទប់លំហូរសាច់ប្រាក់
ជាមួយនឹងការកាត់បន្ថយ លំហូរមូលធនចេញពីប្រទេស ជាថ្មីម្តងទៀត​រដ្ឋាភិបាលចិន បានកាត់បន្ថយ និងរឹតបន្តឹងក្រុមហ៊ុននានា មិនឲ្យប ញ្ចេ​ញសាច់ប្រាក់ច្រើន មកវិនិយោគនៅបរទេស ដែលរាប់បញ្ចូលទាំងកម្ពុជាផងដែរ។

ការកាត់បន្ថយលំហូរសាច់ប្រាក់ មកវវិនិយោគនៅបរទេស មិនមែនជាការបញ្ចប់នូវយុគមាសរបស់បណ្តាប្រទេស ដែលពឹងផ្អែកលើប្រទេសចិននោះទេ ព្រោះទី១ ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លូន រដ្ឋាភិបាលចិនត្រូវតែបើកចន្លោះណាមួយ ដើម្បីឲ្យក្រុមហ៊ុនចិនធំធាត់នៅបរទេស ដើម្បីពង្រីកឥទ្ឋិពលរបស់ខ្លួនផង និងដើម្បីបង្កើនប្រាក់ចំណូលពន្ឋរបស់ខ្លូនផង ទី២ គោលនយោបាយខ្សែក្រវ៉ាត់១ និងផ្លូវ១ ទោះបីជាមិនស្ថិតនៅក្នុងផែនការអាទិភាពទី១ក្តី ក៏វាស្ថិតក្នុងចំណោមអាទិភាពដទៃទៀត ដើម្បីចិនអាចពង្រីកឥទ្ឋិពលសេដ្ឋកិច្ច មនោគមន៍វិជ្ជានៅបរទេស។

ទី៣ ការបិទខ្ទប់លំហូរសាច់ប្រាក់ ស្មើនឹងការបិទខ្ទប់ដង្ហើមខ្លួនឯងផងដែរ និងទី៤ ការពង្រីកទំនាក់ទំនងអន្តរជាតិ និងមិត្តភាព កិច្ចសហប្រតិបត្តិការរបស់ចិន ដើម្បីមានសម្ព័ន្ឋមិត្តកាន់តែច្រើន និងអាចទុកចិនបានថែមទៀត ចិននឹងពង្រីកការវិនិយោគនៅបរទេស។

តើអ្នកវិនិយោគចិននឹងត្រលប់មកវិញឬទេ?
មុនឆ្លើយសំណួរដ៏រសើបនេះ យើងត្រលប់ទៅមើលកម្រិតទំនាក់ទំនងរវាងចិននិងកម្ពុជា និងភូមិសាស្រ្តរបស់កម្ពុជា តើមានភាពអំណោយផល និងគុណតម្លៃបែបណា ក្នុងទំនាក់ទំនង ដែលប្រធានាធិបតីចិនបានចាត់ទុក ជា “ទំនាក់ទំនងដែកថែប” ជាមួយប្រទេសចិន។

ដូចស្មេរធ្លាប់លើកឡើងជាច្រើនមកហើយ ពីការក្រាលវិថីលើព្រំមាសរបស់អតីតសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ជាមួយប្រធា​នាធិបតីចិនជាបន្តបន្ទាប់ដូចជា លោកម៉ៅ សេទុង ជូ អេនឡាយ លោកតេង ស៊ាវពីងជាដើម។ ទំនាក់ទំនងនេះបានធ្វើឲ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ត្រូវបានពូនជ្រុំ និងពេលខ្លះក៏ជួបរឿងសោកសៅផងដែរ។

ប៉ុន្តែទំនាក់ទំនង និងការជួយប្រទេសចិន អាចចូលជាសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ ហើយតៃវ៉ាន់ត្រូវបានដកចេញដោយមហាក្សត្រកម្ពុជា គឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន ជាអ្វីដែលមេដឹកនាំចិន តាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្នបានបន្តឲ្យតម្លៃតួនាទីរបស់មហាក្សត្រកម្ពុជា។

ការបើកផ្លូវហាយវេដ៏៏ធំ និងមានតម្លៃមហាសាលនៅឆ្នាំ២០១០ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បានប្រែក្លាយពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាព មកកាន់កម្រិតមួយដ៏ខ្ពស់គឺ “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ” និងក្រោយមកបានប្រសិទ្ឋនាម ភាពជាដៃគូយុទ្ឋសាស្រ្តនេះ មកជា “សហគមន៍ពីរ វាសនាតែមួយ” បានធ្វើឲ្យស្នាមញញឹមលេចឡើង លើផ្ទៃមុខមេដឹកនាំទាំងពីរ(ស៊ី ជីនពីង និងសម្តេចតេជោ) ដោយគ្មានមន្ទិស និងពោរពេញដោយទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមក ក្នុងកម្រិតអន្តរជាតិ និងឆាកកាទូតពិភពលោក។

ចម្លើយសំរាប់សំណួរខាងលើ បានឆ្លើយត្រួសៗមកហើយ ប៉ុន្តែភាពដែលអាចទុកចិត្តបាន ឬមិនបានបន្ថែមទៀតថា អ្នកវិនិយោគចិននឹងវិលមកកម្ពុជាម្តងទៀតឬយ៉ាងណា ហើយក្រុងព្រះសីហនុ នឹងមានព្រះអាទិភ្យថ្មីរះម្តងទៀតឬទេ? យើងត្រូវវិភាគ និងឆ្លើយសំណួរនេះទាំងអស់គ្នា ទី១ ចិនបានមកដល់វិញបណ្តើរៗហើយ ប៉ុន្តែការបញ្ចេញសាច់ប្រាក់ មិនទាន់មានសញ្ញាល្អនៅឡើយទេ​ ទី២ ដោយសារទំនាក់ទំនងភាពជាដៃគូ យុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងមេដឹកនាំក៏ដូចជាប្រទេសទាំងពីរ ចិននឹងមិនចោលកម្ពុជានោះទេ។

ទី៣ ការវិនិយោគរបស់ចិននឹងកើនឡើង ប៉ុន្តែមានភាពច្បាស់លាស់ជាងមុន ទី៤ ទីផ្សារអចលនទ្រព្យ​នៅក្រុងព្រះសីហនុ ត្រូវការរយៈពេលយូរបន្ថែមទៀត ដើម្បីឲ្យវាវិលមកកាន់សភាពប្រសើរឡើង ប៉ុន្តែកម្រិតនៃភាពរីកចម្រើន នឹងដើរស្របជាមួយនិន្នា​ការសេដ្ឋកិច្ចសង្គមកម្ពុជា ទី៥ កម្ពុជានៅតែជាប្រទេសសំខាន់សំរាប់ចិន ក្នុងការពឹងអាស្រ័យ និងអាស្រ័យគ្នាទៅវិញទៅមក។

ទី៦ ទីផ្សារនាំចេញពីកម្ពុជាទៅចិន នឹងកាន់តែប្រសើរឡើងរាប់ចាប់តាំងពីឧស្សាហកម្ម កសិកម្ម ខណៈ FTA ប្រទេសទាំងពីរបានចូលជាធរមានរូចហើយ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ក៏បានចូលជាធរមានផងដែរ។

សាររបស់សម្តេចតេជោ និងក្តីសង្ឃឹម
សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែមីនាកន្លងមក បានសរសេរ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ប៉ុន្មានឆ្នាំចុងក្រោ​យនេះខេត្តព្រះសីហនុបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់​តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

សម្តេចបានមើលឃើញថា ទិដ្ឋភាពនៃខេត្តព្រះសីហនុរបស់កម្ពុជា គិតត្រឹមនៅខែមីនា ឆ្នាំ២០២២នេះ ពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល​។ សម្តេចបានសរសេរថា ក្រុងព្រះសីហនុទៅអនាគត ក៏នឹងកាន់តែរីកដុះដា​លច្រើន និងល្អៗជាងនេះថែមទៀត។

សម្តេចសរសេរថា “តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឲ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ”។

សម្តេចបានសរសេរបន្តថា “ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនា​សម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់​តែ​ច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជា ដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក”។

ភ្ជាប់ជាមួយសារដ៏សុទិដ្ឋិនិយម និងស្នាមញញឹមនេះ មន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជា លោកវង្ស៊ី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ធ្លាប់បានបង្ហើបឲ្យ​ដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកំពុងរៀបចំផែនការ ដើម្បីឲ្យអគារជាប់គាំងនៅខេត្តព្រះសីហនុ ដំណើរការឡើងវិញផងដែរ។

ការឆ្លើយសំណួរដ៏ខ្លី ប៉ុន្តែចម្លើយដ៏វែងអន្លាយនេះ បានមកដល់ទីតាំងមួយ នៃការទន្ទឹងរង់ចាំ ជាមួយក្តីសង្ឃឹម សុទិដ្ឋិនិយមមួយ ដែលវាប្រៀបដូចផ្លែឈើមួយផ្លែ ដែលត្រូវការពេលវេលា ដើម្បីឲ្យវាទុំ និងអាចទទួលទានបាននាពេលអនាគត អនាគតដ៏រីករាយ និងភ្លឺស្វាងមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here