ខេត្តកំពង់ស្ពឺបង្ហាញសក្តានុពលទាក់ទាញវិនិយោគិនម៉ាឡេស៊ីលើវិស័យសំខាន់ចំនួនប្រាំ

0

ដោយៈ សុផារី

កំពង់ស្ពឺៈ ដោយមើលឃើញពីសក្តានុពលខ្ពស់ នៃខេត្តកំពង់ស្ពឺ លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា បានសន្យាថា នឹងខិតខំជួយកៀរគរវិនិយោគិនមកបណ្តាក់ទុនរកស៊ីលើវិស័យ៥ នៅក្នុងខេត្តមួយនេះ។

វិស័យទាំងប្រាំនោះមានដូចជា វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ។

លោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី បានលើកឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

លោកឯកអគ្គរដ្ឋទូតរំពឹងថា នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ហើយ មកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ នឹងមានប្រាក់ចំណូលបន្ថែមទៀត តាមរយៈ ឱកាសការងារ ដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុន។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី មកកាន់ខេត្តកំពង់ស្ពឺនាពេលនេះ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល របស់ខេត្តកំពង់ស្ពឺ តាមការចង្អុលបង្ហាញរបស់សម្ដេចតេជោនាពេលកន្លងមក។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ មកទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងបានជួយជំរុញឱ្យអ្នកវិនិយោគ មកបណ្តាក់ទុកនៅខេត្តនាពេលខាងមុខ ដែលនឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចខេត្ត ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here