ដោយៈសុខុម
អន្តរជាតិ: មន្ត្រីការទូតកំពូលរបស់សឹង្ហបុរី បានលើកឡើងថា លោកសង្ឃឹមថា ប្រទេសចិននឹងប្រើ “ឥទ្ធិពលដ៏មហិមារ” របស់ខ្លួនបង្ខំឱ្យរុស្ស៊ី ឆាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដើម្បីសង្គ្រោះសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ មីនា។
លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ព្រមានថា សេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានថ្ងៃខាងមុខនេះ ពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់មាគ៌ា សម្រាប់សេដ្ឋកិច្ចពិភពលោកនាថ្ងៃអនាគត។
ពេលផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Bloomberg រដ្ឋមន្ត្រីរូបនេះថ្លែងថា “បញ្ហាធំនៅពេលនេះគឺថា តើប្រទេសចិន នឹងធ្វើការសម្រេចបែបណា និងចាត់វិធានការបែបណា”។
សិង្ហបុរី កាលពីខែមុនបានក្លាយជាប្រទេសដំបូងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលហ៊ានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មជាឯកតភាគី លើប្រទេសរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន ជាចំណាត់ការមួយ ដែលលោក Vivian Balakrishnan យល់ថាចាំបាច់ខ្លាំង។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានធ្វើការកត់សម្គាល់ថា ប្រទេសចិន មានសេដ្ឋកិច្ចធំជាងរុស្ស៊ី និងមានឥទ្ធិពលលើរុស្ស៊ី។
លោកនិយាយអំពីរដ្ឋាភិបាលក្រុងប៉េកាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនភីង យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា ពួកគេនឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដែលមានចរិតលក្ខណៈចិន ពោលគឺធ្វើដោយស្ងាត់ៗ មិនសម្ញែង ប៉ុន្តែមានប្រសិទ្ធភាព”។
លោកបានបន្ថែមទៀតថា “ពេលនេះ គឺមានក្ដីសង្ឃឹម ហើយត្រង់ថានេះវាគ្រាន់តែជាអ្វីដែលខ្ញុំគិតតែឯង ឬយ៉ាងណា យើងនឹងមើលឃើញជាក់ស្ដែងនៅប៉ុន្មានសប្ដាហ៍ ឬ ប៉ុន្មានថ្ងៃខាងមុខ”៕ South China Morning Post៕