ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុន H&M នេះដែលជាយីហោម៉ូដសំលៀកបំពាក់អន្តរជាតិដ៏ធំមួយរបស់ពិភពលោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២បានបើកហាងដំបូងរបស់ខ្លួននៅផ្សារទំនើប AEON Mall១។
យោងតាមសេចក្ដីប្រកាសពត៌មានរបស់ H&M ហាងម៉ូដសំលៀកបំពាក់អន្តរជាតិ ដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរមកហើយបានបើកបង្ហាញខ្លួននៅផ្សារទំនើប AEON Mall១ក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ានមួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ទីតាំងនៅប្រទេសវៀតណាម និង៤៣ទីតាំង នៅប្រទេសថៃ។
ដោយមើលឈើញពីសក្តានុពលនៃអំណាចទិញរបស់ប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ហើយក្រុមហ៊ុនមានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់តាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ ទើបក្រុមហ៊ុនសម្រេចបោះជំហានបើកសាខាលក់សំលៀកបំពាក់នៅកម្ពុជា។
ហាង H&M ភ្នំពេញមានទីតាំងG-ជាន់ទី១ ក្នុងSweet Zone ផ្សារទំនើប Aoen Mall Phnom Penh មានផ្ទៃក្រឡាទំហំ១.៧៩៨ម៉ែត្រការ៉េ ដែលលាតសន្ធឹងខាងលើពីរជាន់។ ហាងថ្មីនេះនឹងមានម៉ូដសំលៀកបំពាក់ជាច្រើនសម្រាប់ បុរសស្ត្រី យុវវ័យ និងកុមារ។ អតិថិជននឹងរីករាយក្នុងការទិញទំនិញបណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ២០២២នេះ។
លោក Philippe Lassaux នាយកប្រតិបត្តិនិងជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃ H&M កម្ពុជា និងប្រទេសថៃ បានមានប្រសាសន៍ថា “H&M មានសេចក្ដីសោមនស្សរីករាយក្នុងការបើកហាង ដំបូងគេនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា និងជំរុញអតិថិជនដែលនិយមម៉ូដសំលៀកបំពាក់របស់យើងនៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ ហើយស្របតាមការសន្យារបស់អតិថិជន H&M ម៉ូដនិងគុណភាពក្នុងតម្លៃល្អបំផុតប្រកបដោយនិរន្តរភាព”៕