ទំនាក់ទំនងរវាងកម្ពុជា ចិនវិវត្តន៍៍កាន់តែប្រសើរមួយកម្រិតទៀតបន្ទាប់ពីសម្ដេចតេជោ ជួបពិភាក្សាការងារជាមួយលោកស៊ី ជីនពីង

0

ដោយៈ សុផារី

ភ្នំពេញៈ ទំនាក់ទំនងរវាងកម្ពុជា ចិនកាន់តែមានភាពល្អប្រសើរថែមទៀត បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានជួបសន្ទ​នាគ្នាតាមទូរស័ព្ទ។

កិច្ចពិភាក្សាគ្នា ដែលបានធ្វើឡើ់ងនៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយប្រមុខដឹកនាំប្រទេសទាំងពីរ បានលើកឡើងនូវចំណុចវិជ្ជមា​នជាច្រើន។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាទៅលើចំណុចជាច្រើន នៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។

លោកប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះ ចិននឹងនាំចូលអង្ករ ឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិត​ផលកសិកម្មមួយចំនួនទៀត ដូចជា ផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូស។ ក្នុងចំណោម ២០លានដូសនោះ ៥លានដូសនឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា នាពេលខាងមុខផងដែរ។ លោកស៊ី ជិនពីង ក៏បានមានប្រសាសន៍ជំរុញបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២១នោះ ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

លោកស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាពង្រីក នូវកិច្ចសហប្រតិប​ត្តិការរវាងអាស៊ាន និងចិន។

ប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែក ដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួម ដំណោះស្រាយតាមផ្លូវអាស៊ាន។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ លោកប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here