គម្រោងអភិវឌ្ឍន៍ផ្លូវនឹងជំរុញសក្ដានុពលវិនិយោគក្នុងខេត្តកោះកុងកាន់តែច្រើន

0

ដោយ៖ វឌ្ឍនៈ

កោះកុង ៖ បច្ចុប្បន្ននេះរដ្ឋាភិបាលបាននឹងកំពុងជំរុញការអភិវឌ្ឍតំបន់ឆ្នេរដើម្បីទាក់ទាញការវិនិយោគពីក្នុងនិងក្រៅប្រទេសបន្ថែម។ ក្នុងនោះខេត្តកោះកុងក៏កំពុងទទួលបានគម្រោងផ្លូវជាច្រើនតភ្ជាប់ពីភ្នំពេញនិងបណ្ដាខេត្តនានាជាច្រើន ដែលនឹងធ្វើឱ្យខេត្តនេះកាន់តែមានសក្ដានុពលវិនិយោគបន្ថែមទៀត។

ផ្លូវសំខាន់ដែលកំពុងស្ថាបនានិងជួសជុលទៅកាន់ខេត្តកោះកុងរួមមានផ្លូវលេខ៤៨ តភ្ជាប់ពីស្រុកស្រែអំបិលទៅកាន់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ផ្លូវជាតិលេខ១០តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តកោះកុងជាដើម ព្រមទាំងផ្លូវជាច្រើនទៀតនៅក្នុងខេត្តកោះកុងផងដែរ។

លោកទុយ ប៉ោហេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ថា ខេត្តកោះកុងមួយរយៈនេះហាក់ទទួលបានគម្រោងវិនិយោគបន្តបន្ទាប់ ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏ដោយ។

លោកថា សក្ដានុពលដែលជំរុញឱ្យខេត្តនេះកាន់តែមានសន្ទុះនិងមានការទាក់ទាញការវិនិយោគបន្ថែម ដោយសារតែគម្រោងធំៗមួយចំនួនបានចាប់ផ្ដើមបោះទុនវិនិយោគក្នុងខេត្តនេះ គម្រោងផ្លូវតភ្ជាប់ពីខេត្តកោះកុងទៅបណ្ដាខេត្ត ដែលធ្វើឱ្យវិនិយោគិនងាយស្រួលក្នុងការធ្វើដំណើរ។

លោកបន្តថា តម្លៃដីធ្លីនៅក្នុងខេត្តកោះកុងក៏ឃើញថាមានកំណើនប្រសើរជាងមុនផងដែរ។ ជាក់ស្ដែងដីនៅតាមបណ្ដោយផ្លូវធំៗនៃខេត្តកោះកុងឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់និងមានការចាប់អារម្មណ៍ទិញលក់ពីវិនិយោគិនជាច្រើនផងដែរ ជាពិសេសទិញដើម្បីទុកចំណេញ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ក៏បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតែងតែទទួលបានផលប្រយោជន៍ដល់តំបន់នោះ។ អ្នកវិនិយោគតែងតែទៅកាន់តំបន់ណាដែលងាយស្រួលក្នុងការដឹកជញ្ជូន និងងាយស្រួលធ្វើដំណើរ។

លោកបញ្ជាក់បន្ថែមថា “យើងឃើញថាតំបន់ឆ្នេរជាតំបន់ដែរមានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាលលោកបានខិតខំពង្រីកនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៅកាន់តំបន់នោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here