កំពង់ផែក្រុងព្រះសីហនុនឹងត្រូវពង្រីកសម្រាប់តំបន់មេគង្គ និងពិភពលោកទាំងមូល

0

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានឯកភាពគ្នាសហការយ៉ាងពេញទំហឹង ដើម្បីធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយ ដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោកផងដែរ។

នេះបើតាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-​ ជប៉ុនក្រោយបញ្ចប់ជំនួបទ្វេរភាគី រវាងនាយករដ្ឋមន្ត្រីទាំងពីរនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីថ្លែងការណ៍រួមនេះដដែល នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នារិះរកនូវកាលានុវត្តន៍ភាពថ្មីៗ សម្រាប់កំណើនប្រកបដោយចីរភាពរបស់កម្ពុជា ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ជប៉ុន រួមមាន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រនៅថ្នាក់មូលដ្ឋាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា រួមមានកំពង់ផែសមុទ្រ ស្ពាន ផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត។

ក្រសួងសាធារណការនិងដឹកជញ្ជូន នៅដើមឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណ​តផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយទីភ្នាក់ងារ JICA ដើម្បីប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែក្នុងតំបន់ដ៏មានសក្ដានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កន្លងមកបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុជាកំពង់ផែទឹកជ្រៅរបស់កម្ពុជា ដែលនឹងអភិវឌ្ឍន៍ទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗកាន់តែច្រើនចូលចត ដែលអាចឱ្យទំនិញកាន់តែច្រើនឆ្លងកាន់កម្ពុជា និងមិនបាច់ធ្វើការផ្ទេរនាវានៅកំពង់ផែប្រទេសផ្សេងៗបាន។ ក្នុងន័យនេះ កំពង់ផែធំៗដែលធ្លាប់ចូលចតប្រទេសជិតខាងហើយផ្ទេរមកវានាតូចៗ និងមិនចាំបាច់ធ្វើការផ្ទេរទៀតទេនៅពេលកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ សាងសង់ចំណតនាវារួចរាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here