ដោយៈ វិវឌ្ឍន៍
ភ្នំពេញៈ សមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដោយមានការគាំទ្រពីគ្រីស្ទីណាសាឡន និងសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ព្រមទាំងមានការសហការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុនដៃគូ និងសមាជិកសមាគម បានរៀបចំកម្មវិធីជួបជុំមហាគ្រួសារ ជាងសក់ អ្នកសម្អាង និងសាឡនកម្ពុជា ឆ្នាំ ២០២២។
កម្មវិធីដ៏អធិកអធម និងសប្បាយរីករាយនេះ ដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុន បានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា និង ឯ.ឧ បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានចូលរួមសរុបជាង៤០០នាក់។
អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ជាអនុប្រធានសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក និងជានាយិកាសាលាបង្រៀនថែរសម្ផស្សគ្រីស្ទីណា បានមានប្រសាសន៍ថា កម្មវិធីជួបជុំមហាគ្រួសារ ជាងសក់ អ្នកសម្អាង និងសាឡនកម្ពុជា គឺជាកម្មវិធីជួបជុំអ្នករកស៊ីក្នុងវិស័យសាឡន និងសម្អាងនៅកម្ពុជាប្រចាំឆ្នាំ ដែលមានដូចជា ជាងសក់ អ្នកសម្អាង ម្ចាស់សាឡន ម្ចាស់ហាងលក់ផលិតផលសាឡន និងអ្នករកស៊ីពាក់ព័ន្ធក្នុងវិស័យសាឡន និងសម្អាងការ។
អ្នកគ្រូបានបញ្ជាក់បន្ថែមថា “វិស័យសក់ និងសាឡន គឺជាឧស្សហកម្មគ្មានផ្សែងមួយ ដែលមានគ្រប់ទីកន្លែង មានគ្រប់ផ្សារ និងទីប្រជុំជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។ អ្នកគ្រូបានបន្តថា “វិស័យនេះ បានចូលរួមចំណែកជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចជាតិ”។
វិស័យនេះអាចជួយដល់យុវជន យុវនារី យើងមានការងារធ្វើរាប់ម៉ឺននាក់ បង្កើតមុខរបរខ្នាតតូចបានរាប់ម៉ឺនកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមកាត់បន្ថយការចំណាកស្រុក និងជួយឳ្យសម្រស់របស់យើងម្នាក់ៗស្រស់ស្អាត និងក្មេងជាងវ័យ។ ជាងសក់ ជាងសាឡន អ្នកសម្អាង គឺជាបុគ្គលដែលជួយឳ្យមនុស្សធម្មតាក្លាយជាមនុស្ស ដែលមានសម្រស់ស្អាតជាងមុន និងក្មេងជាងវ័យ ជាពិសេសបង្កើនប្រាក់ចំណូល ប្រចាំថ្ងៃបានល្អ រឹងមាំ និងអាចក្លាយជាអ្នកមានជីវភាពធូរធារ។
អ្នកគ្រូបានបន្ថែមថា សាឡនគឺជាអាជីពជួយឳ្យមនុស្សកាន់តែស្អាត និងមានរាសីខ្ពស់, សាឡនគឺជាអាជីពដែលឯករាជ្យ និងអមតៈ, សាឡនគឺជាអាជីពជួយបង្កើនគ្រួសារ ចំណូលជាតិ និងជួយកំណើនសេដ្ឋកិច្ចជាតិ, សាឡនគឺជាអាជីពជួយឳ្យកម្ពុជាស្អាត, សាឡនគឺជាអាជីព ជួយអោយយើងមានជីវភាពធូរធារ និងមានកិត្តិយស, សាឡនគឺជាអាជីពដែលរៀនបានចំណេះ រៀនបានជំនាញ រៀនបានចំណូល រៀនបានសេចក្តីសុខ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ អ្នកគ្រូ ស៊ុន ហៀង បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ជូនដល់បងប្អូនជាងសាឡន ជាងសក់ អ្នកសម្អាង និងម្ចាស់សាឡនទាំងអស់ ដូចជា ទី១ សូមផ្តល់សេវាកម្មល្អបំផុត ជូនអតិថិជនជាទីស្រលាញ់របស់យើង។ ទី២ចំណាយពេល និងចំណាយធនធាន ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញសក់ ជំនាញសាឡន ជំនាញគ្រប់គ្រងអាជីវកម្មសាឡន សម្រាប់ខ្លួនឯងជាប្រចាំ ដើម្បីដើរទាន់សម័យកាលរីកចម្រើននៃវិស័យសាឡន និងសម្រស់។
ទី៣ ចូលជាសមាជិកសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដើម្បីទទួលបានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជំនាញសក់ ជំនាញសាឡន ជាប្រចាំ និងទាន់សម័យកាល និងចូលជាសមាជិកមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាឡនអាជីព ដើម្បីមានសមត្ថភាពពេញលេញ ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មសាឡន ឳ្យដំណើរការរឹងមាំ បានចំណូលច្រើន ពង្រីកហាងបានធំ និងច្រើនសាខា។
ទី៤ ខិតខំអនុវត្តមេរៀន ដែលទទួលបានពីការរៀននឿក្នុងថ្នាក់ ពីលោកគ្រូ អ្នកគ្រូ ដើម្បីឳ្យក្លាយជាអ្នកជំនាញសសក់ និងសាឡនអាជីពមានវិជ្ជាជីវៈ ពិតប្រាកដ។ ទី៥ សម្រាប់យុវជន យុវនារី ដែលមិនទាន់ មានអាជីវពពិតប្រាកដសម្រាប់ខ្លួនឯង គួរតែច្រើនរើសអាជីពជា ជាងសក់ ជាងសាឡន ឬម្ចាស់ហាងសាឡន ព្រោះជាអាជីបល្អគ្រប់យ៉ាង។
លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរការខិតខំ ប្រឹងប្រែងរបស់អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដែលបានដឹកនាំការងារសាឡន ឳ្យក្លាយជាវិស័យសាឡន ជាវិស័យមួយចូលរួមចំណែកជួយកំណើតម៉ាក្រូសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត ក៏បានលើកទឹកចិត្ត និងគាំទ្រ អ្នកគ្រូ ព្រមទាំងសមាជិកសមាគម ក៏ដូចជាបងប្អូនរកស៊ី ក្នុងវិស័យសាឡនទាំងអស់ សូមបន្តខិតខំពង្រឹងសមត្ថភាព ពង្រីកការងផ្តល់សេវាកម្មសាឡន ឳ្យកាន់តែមានគុណភាពខ្ពស់បន្ថែមទៀត។
ជាមួយគ្នានោះដែរលោកគ្រូ អោម សេង បូរ៉ា ស្ថាបនិក CEO Master Club បានកោតសរសើរស្នាដៃបង្កើត និងដឹកនាំគ្រីស្ទីណាសាឡនរបស់ស្ថាបនិកឆ្នើមទាំងពីរ គឺលោកគ្រូ កុល ធីតា និងអ្នកគ្រូ ស៊ុន ហៀង។ លោកគ្រូ បានលើកទឹកចិត្ត ក្នុងការបន្តបេសកកម្មរបស់សមាគមជាងសក់ និងសម្អាងនៅកម្ពុជា ក្នុងការជួយដល់វិស័យសាឡននៅកម្ពុជា ឳ្យរីកចម្រើនបានឆាប់រហ័ស និងជួយឳ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។
លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំ CEO Master Club លោកពិតជាមានក្តីសោមនស្សរីករាយ ដែលសមាជិកក្លឹប មានភាពរីកចម្រើន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងជម្រុញកំនើនសេដ្ឋកិច្ចជាតិ៕