តើការវិនិយោគអចលនទ្រព្យកម្ពុជាពិតជាឈានដល់កម្រិតឆ្អែតហើយឬយ៉ាងណា?

0

ដោយៈសុផារី

ភ្នំពេញៈ នៅក្នុងការធ្វើធុរកិច្ច តម្រូវការនិងការផ្គត់ផ្គង់ជាកត្តាពីរដែលត្រូវបានយកមកថ្លឹងថ្លែង។ ក្នុងករណីការផ្គត់ផ្គង់មានច្រើនលើសលុបជាងតម្រូវការ នឹងបណ្តាលឱ្យមានអតុល្យភាពនៃការជួញដូរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឈមនឹងវិបត្តិកូវីដ១៩ និងទើបតែជួបប្រទះនឹងអតិផរណា ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែន ប្រជាជនកម្ពុជាមានទំនោរមិនសូវនិយមការវិនិយោគលើអចលនវត្ថុឡើយ ស្របពេលដែលការផ្គង់ផ្គង់អច​លនទ្រព្យពីសំណាក់អ្នកអភិវឌ្ឍន៍នានា បានបង្ហាញឲ្យឃើញថាមានកំណើនខ្ពស់។

អ្នកវិស័យអចលនទ្រព្យកម្ពុជាមើលឃើញថា អចលនទ្រព្យកម្ពុជាបាននិងកំពុងឈានដល់កម្រិតឆ្អែតមួយ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កន្លងមកការផ្គត់ផ្គង់តម្រូវការក្នុងស្រុក គឺមានភាពគ្រប់គ្រាន់ហើយ។ ការផ្គត់ផ្គង់បន្ថែមនាពេលបច្ចុប្បន្ននេះ ភាគច្រើនធ្វើសម្រាប់បំពេញតម្រូវការទាក់ទាញFDIពីក្រៅប្រទេស។

លោកឧកញ៉ាលើកឧទាហរណ៍ថា ការទិញខុនដូរបស់ប្រជាជនកម្ពុជាភាគច្រើនគឺ ទី១ ដើម្បីទុកចំណេញ ទី២ ដើម្បីទុកជួលសម្រាប់ជនជាតិបរទេស ដែលចូលមកកាន់កម្ពុជាក្នុងរយៈពេលខ្លី។ នៅពេលដែលជនជាតិបរទេស មិនសូវចូលមកកាន់កម្ពុជា នោះអចលនទ្រព្យនឹងចាល់។

លោកឧកញ៉ាថា “កាលណាឆ្អែតសម្រាប់ក្នុងស្រុកហើយ តើយើងសាងសង់ដើម្បីអ្នកណា? ដើម្បីFDI ប៉ុន្តែនៅពេលFDIមិនហូរ​ចូលមក យើងត្រូវចាល់ហើយ”។

កន្លងមក អចលនទ្រព្យនៅកម្ពុជា មិនប្រឈមនឹងភាពឆ្អែត ព្រោះលំហូរនៃអ្នកវិនិយោគ និងជនជាតិបរទេស និងភ្ញៀវទេសចរបរទេស ចូលមកកាន់ប្រទេសកម្ពុជាមានមិនដាច់។ ចរន្តនេះហើយធ្វើឱ្យសេដ្ឋកិច្ចមានចរន្តល្អ។ ប៉ុន្តែបើប្រភពដើមនៃសេដ្ឋកិច្ចជាប់គាំង នោះក៏បណ្តាលឱ្យធចលនទ្រព្យក៏អាចនឹងគាំងផងដែរ។

យ៉ាងណាក្តី ឆ្លើយតបនឹងសំណួរថា តើវិស័យអចលនទ្រព្យកម្ពុជានឹងប្រឈមនឹងបញ្ហាធំដែរឬទេ លោកឧកញ៉ានួន រិទ្ឋីបានមើលឃើញថា បញ្ហាវិបត្តិនេះ មិនបានធ្វើឱ្យកម្ពុជាមានបញ្ហាធំដុំណាស់ណានោះទេ ព្រោះកម្ពុជាទទួលរងឥទ្ធិពលដោយប្រយោល។

លោកឧកញ៉ាពន្យល់ថា នេះមានន័យថា ស្ថានភាពរបស់កម្ពុជានៅប៉ុណ្ណឹង វាមិនទាន់ផ្ទុះបាន។ កន្លងមកមានការព្យាករណ៍ពីសំណាក់អ្នកជំនាញទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនថា អចល​នទ្រព្យកម្ពុជា នឹងមើលខើញសញ្ញាវិជ្ជមាន ក្នុងការងើបឡើងវិញឆាប់ៗ តែជាអកុសល ត្រូវមកប្រឈមនឹងវិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០២២គឺជាឆ្នាំ ដែលល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញអ្នកវិនិយោគបរទេសមកវិញ ខណៈឆ្នាំ២០២១ វត្តមានអ្នកវិនិយោគិន ពាណិជ្ជករ នៅតែធ្វើដំណើរមកវិនិយោគក្នុងប្រទេសកម្ពុជាដដែល ដោយមិនមានសញ្ញាណាមួយថម​ថយនោះទេ បើទោះបីវិបត្តិជំងឺកូវីដ១៩។

លោកឧកញ៉ាយល់ឃើញថា វិបត្តិសង្គ្រាមនៅប្រទេសរុស្ស៊ី-អ៊ុយក្រែន មិនអាចបង្អាក់ដំណើរការវិនិយោគ និងលំហូរអ្នកវិនិយោ​គិនបរទេសមកប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយវិស័យជាច្រើនក៏ដំណើការជាប្រក្រតីភាពឡើងវិញហើយ។

ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៧គម្រោង គិតជាទឹកប្រាក់មានចំនួនជាង២៤០០លានដុល្លារ និងបង្កើតការងារបានចំនួនជាង១ម៉ឺនកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here