ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងជាផ្លូវដ៏សំខាន់ សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋការដឹកជញ្ជូន និងការបញ្ចៀសការកកស្ទះនៅទីក្រុង ប៉ុណ្ណោះទេ ប៉ុន្តែវាបាននិងកំពុងក្លាយជាឈ្នួនដ៏សំខាន់ជម្រុញឲ្យដីធ្លីឡើងថ្លៃ ដោយសារគំរោងអភិវឌ្ឍន៍បានបាញ់ឆ្ពោះទៅតំបន់ទាំងនោះ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ នៅជុំវិញរាជធានីភ្នំពេញ មានក្រវ៉ាត់ក្រុងទី១ ទី២ ទី៣ និងឈានដល់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ។ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ នឹងជំរុញឱ្យការវិនិយោគ នៅតំបន់ជាយក្រុងកាន់តែមានភាពទាក់ទាញ និងជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែមទៀតផងដែរ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកទីក្រុង តាមមុំ៣៦០ដឺក្រ នឹងធ្វើឱ្យតំបន់នៅជុំវិញរាជធានីភ្នំពេញ នឹងមានការរីកចម្រើនជាបន្តបន្ទាប់ទៅតាមការរីកនៃទីក្រុង ក្នុងនោះដែរតំបន់នៅតាមបណ្ដោយផ្លូវនៃក្រវ៉ាត់ក្រុងទី៣ និងទី៤នឹងក្លាយជាតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលនឹងធ្វើឱ្យវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែមទៀត ។
លោកបន្តថា “ការពន្យារពេលនៃការអនុវត្តពន្ធ លើចំណេញមូលធនរបស់រាជរដ្ឋាភិបាល ក៏ជាយន្តការក្នុងការជួយឱ្យអ្នកវិនិយោគដីធ្លីអាចទិញដី ដើម្បីរង់ចាំការអភិវឌ្ឍ និងទទួលយកនូវផលចំណេញ”។ លោកបន្តថា “យើងក៏រំពឹងផងដែរថានៅពេលចប់កូវីដ១៩ យើងនឹងទទួលបានវិនិយោគិនពីបរទេស ដើម្បីចូលមកកម្ពុជានិងស្វែងរកការវិនិយោគនានា ក្នុងវិស័យអចលនទ្រព្យឡើងវិញ “។
ជាមួយគ្នានេះ លោកផូន សុអុនដែន ប្រធានផ្នែកលក់អចលនទ្រព្យប្រចាំក្រុមហ៊ុនមួយបាននិយាយថា នៅពេលមានការពង្រីកក្រុងផ្លូវក្រវ៉ាត់ក្រុងជាផ្លូវសំខាន់ និងមានការទាក់ទាញការវិនិយោគពីវិនិយោគិន ជាក់ស្ដែងកាលពីមុនផ្លូវកប់ស្រូវ ឬមហាវិថីឈ្នះឈ្នះ ជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់មួយ តភ្ជាប់ផ្លូវជាតិលេខ៤ លេខ៥និងទៅផ្លូវជាតិលេខ៦ ហើយកាលពីដើមឡើយផ្លូវនេះ មិនសូវមានការចាប់អារម្មណ៍ពីអ្នកវិនិយោគទេ តែពេលផ្លូវមួយនេះពង្រីកកាន់តែធំ និងមានការអភិវឌ្ឍរាជធានីកាន់តែខ្លាំងឡើង តម្រូវឱ្យមានការអភិវឌ្ឍនៅជាយក្រុងទើបធ្វើឱ្យផ្លូវនេះកាន់តែសំខាន់ ។
លោកបន្តថា “ពេលនេះផ្លូវ៥១ ក៏អាចចាត់ទុកជាផ្លូវក្រវ៉ាត់ក្រុងមួយផងដែរ ជុំវិញរាជធានីភ្នំពេញ និងអាចមានការអភិវឌ្ឍខ្លាំងដូចនឹងផ្លូវមហាវិថីឈ្នះឈ្នះដែរ”។ លោកបន្តថា “បច្ចុប្បន្នការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងជុំវិញរាជធានីភ្នំពេញ បាននិងកំពុងជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យ ជាពិសេសតម្លៃអចលនទ្រព្យ ក៏កាន់តែមានកំណើនឡើងជារឿយៗនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង។
ទោះជាយ៉ាងណាការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននិងកំពុងពន្យាពេល១ឆ្នាំ ដោយសារការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមិនទាន់បញ្ចប់។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍កន្លងមកថា គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ត្រូវការពេលវេលាបន្ថែមទៀត ខណៈការសាងសង់ផ្លូវក្រវ៉ាត់ក្រុងឲ្យបានមួយជុំ នឹងត្រូវការរយៈពេលច្រើនថែមទៀត ដែលផ្លូវក្រវ៉ាត់ក្រុងមួយកំណាត់ទៀត នឹងត្រូវសាងសង់ស្ពានពីរ ពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ(គំរោងនេះកំពុងផ្លាស់ប្តូរ) និងស្ពានឆ្លងកាត់កោះដាច់កកាន់ផ្លូវជាតិលេខ៦អា៕