អចលនទ្រព្យក្រុងបាវិតហាក់បន្តស្ងប់ស្ងាត់នៅដើមឆ្នាំ២០២២នេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុងបាវិតជាតំបន់មួយដែលមានសក្ដានុពលក្នុងការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យនិងដីធ្លី ប៉ុន្តែក្នុងរយៈពេលប្រមាណពីរបីឆ្នាំកន្លងមកនេះ ក្រុងបាវិតនៃខេត្តស្វាយរៀងបានជួបបញ្ហា។

សកម្មភាពនិងតម្លៃដីធ្លីបានធ្លាក់ចុះ ជាពិសេសក្រោយការចាកចេញរបស់ជនជាតិចិនពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញ។

លោក ថា ថេង ប្រធានក្រុមហ៊ុនCentury 21 Zillion Holdingប្រចាំខេត្តស្វាយរៀង បានមានប្រសាសន៍ថា រហូតមកដល់ដើមឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យនៅក្រុងបាវិតបន្តស្ងប់ស្ងាត់ដោយមិនទាន់មានការវិនិយោគណាមួយលេចរូបរាងឡើងគួរឱ្យកត់សម្គាល់នោះទេ។

លោកបន្តថា ដីធ្លីនៅក្រុងបាវិតបានឡើងខ្ពស់តាំងពីមានវត្តមានជនជាតិចិនមុនស្ថានភាពកូវីដ១៩និងមុនពេលរដ្ឋាភិបាលបានបិទហ្គេមអនឡាញ។ មកដល់ពេលនេះ តម្លៃដីធ្លីនៅក្រុងបាវិតមិនធ្លាក់ចុះនោះដែរ វានៅតែខ្ពស់ដដែល។ ដូច្នេះក្នុងពេលដែលវិនិយោគិនបរទេសមិនទាន់ចូលកម្ពុជាផុសផុលបានដោយសារតែកូវីដ១៩ ធ្វើឱ្យការវិនិយោគនៅក្រុងបាវិតបន្តនៅទ្រឹងដដែល។

លោកបន្ថែមថា “យ៉ាងណាក្ដីតំបន់នៅក្នុងខេត្តស្វាយរៀងក្រៅពីក្រុងបាវិតឃើញថាហាក់មានសកម្មភាពវិនិយោគលើដីធ្លីច្រើនជាងមុន ដូចជាគម្រោងវិនិយោគលើផ្ទះល្វែង ដីឡូត៏ពីសំណាក់វិនិយោគិនក្នុងស្រុក។ ចំណែក វិនិយោគក្រៅស្រុកមិនទាន់មានសកម្មភាពនៅឡើយទេ”។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនKW Cambodia ក៏មានប្រសាសន៍កន្លងមកថា តំបន់បាវិតបានជួបវិបត្តិផ្ទួនៗ ដែលធ្វើឱ្យដីធ្លីនៅតំបន់នេះបន្តធ្លាក់ចុះរហូតមកដល់សព្វថ្ងៃ។ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០១៩ បាវិតមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយក៏មានវត្តមានជនជាតិចិនយ៉ាងច្រើននៅទីនោះ។

លោកបណ្ឌិតបន្ថែមថា ក្រោយពេលរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញនិងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២០បានធ្វើឱ្យចិនចាកចេញពីកម្ពុជាវិញនិងបានធ្វើឱ្យគម្រោងអាជីវកម្មមួយចំនួនចាប់ផ្ដើមគាំងដំណើរការ។

លោកឧកញ៉ាបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ វិបត្តិកូវីដ១៩ក៏បានកើនឡើងនិងធ្វើឱ្យអចលនទ្រព្យនៅតំបន់បាវិតបន្តអសកម្មរហូតមកដល់បច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here