ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ស្របពេលរដ្ឋាភិបាលក៏បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទៅកាន់ខេត្តកោះកុង ខេត្តជាប់តំបន់ឆ្នេរមួយនេះកាន់តែបង្ហាញសក្ដានុពលនិងការទាក់ទាញការវិនិយោគកាន់តែច្រើន ដោយរំពឹងថាវិនិយោគិនជាតិនិងអន្តរជាតិនឹងចូលទៅកាន់ខេត្តមួយនេះដើម្បីបណ្ដាក់ទុនវិនិយោគ។
រដ្ឋាភិបាលបានអភិវឌ្ឍន៍ផ្លូវថ្មីៗ តភ្ជាប់ពីខេត្តផ្សេងពីតំបន់ផ្សេងនិងពីរាជធានីភ្នំពេញទៅកាន់ខេត្តកោះកុងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះផ្ទាល់ដើម្បីសម្រួលដល់ការធ្វើដំណើរទេសចរ ពលរដ្ឋនិងវិនិយោគិនធ្វើដំណើរមកកាន់ខេត្តកោះកុង។
គម្រោងធំៗមួយចំនួននៅក្នុងខេត្តកោះកុងក៏បានលេចរូបរាងឡើងបន្តបន្ទាប់ ដូចជា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះតារាសាគរស្ថិតនៅក្នុងស្រុកបទុមសាគរខេត្តកោះកុង ជាដើម។ ក្រោយពេលព្រលានយន្តហោះនេះចាប់ផ្ដើមដំណើរការ នឹងអាចទាញយកវិនិយោគិនពីប្រទេសចិននិងប្រទេសផ្សេងទៀតចូលទៅកាន់ខេត្តកោះកុងដោយផ្ទាល់។
លោក ទុយ ប៉ោហេង ប្រធានក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តនេះបានឱ្យដឹងថា គម្រោងផ្លូវដែលកំពុងអភិវឌ្ឍន៍នៅក្នុងខេត្តកោះកុង និងផ្លូវសំខាន់ៗពីតំបន់ផ្សេងចូលមកកាន់ខេត្តកោះកុងនឹងជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ហើយនឹងធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ មានសន្ទុះបន្ថែមទៀតផងដែរ។
លោកបន្តថា ជាក់ស្ដែងដីធ្លីនៅតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យវិនិយោគិនកាន់តែច្រើនកំពុងស្វែងរកការវិនិយោគនៅក្នុងខេត្តមាត់សមុទ្រនេះដើម្បីរកប្រាក់ចំណេញ។
លោករំពឹងថា នៅពេលអនាគតខេត្តកោះកុងនឹងកាន់តែទាក់ទាញការវិនិយោគ ហើយរំហូរទុនវិនិយោគនឹងចូលមកកាន់ខេត្តនេះថែមទៀតស្របពេលរដ្ឋបាលខេត្តក៏បានចុះហត្ថលេខាជាមួយខេត្តសំខាន់ៗរបស់ប្រទេសចិន ដើម្បីចងសម្ព័ន្ធភាពនិងទាញទេសចរចិន ក៏ដូចវិនិយោគិនចិនចូលមកកាន់ខេត្តនេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ផ្លូវសំខាន់ៗរួមមានគម្រោងផ្លូវជាតិលេខ១០ ផ្លូវលេខ៤៨តភ្ជាប់ពីផ្លូវលេខ៤ទៅកាន់កោះកុង នឹងក្លាយជាផ្លូវសំខាន់ហើយនឹងទាក់ទាញទេសចរជាតិអន្តរជាតិវិនិយោគិនជាតិអន្តរជាតិបន្ថែម៕