តម្លៃដីធ្លីនៅប្រទេសជប៉ុនហក់ឡើងខ្ពស់​ ខណៈសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិកូវីដ-១៩

0

ដោយ៖ សុខុម

តូក្យូ៖​ ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បង្ហាញថា តម្លៃដីធ្លីនៅប្រទេសជប៉ុនបានហក់ឡើងក្នុងឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ថ្លៃក្នុងឆ្នាំ២០២០ ខណៈទីផ្សារអចលនទ្រព្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ មីនា។

ការស្ទង់មតិដដែលរកឃើញថា ខណៈការរឹតបន្តឹងព្រំដែនរបស់ជប៉ុន ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ធ្វើឱ្យតម្រូវការសម្រាប់តំបន់ដែលពឹងផ្អែកលើវិស័យទេសចរណ៍នៅទ្រឹង ការកើនឡើងនូវការចំណាយនៅផ្ទះបានជួយឱ្យតម្លៃលំនៅដ្ឋាន និងតម្លៃដីធ្លីហក់ឡើង។

ផ្អែកតាមទិន្នន័យរបស់ក្រសួងដែនដីជប៉ុន បង្ហាញថា សរុបជារួមតម្លៃដីធ្លីជាមធ្យមបានហក់ឡើង០,៦%ក្នុងឆ្នាំ២០២១ ក្រោយពីធ្លាក់ថ្លៃ០,៥%ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំ។

តម្លៃដីលំនៅដ្ឋានបានហក់ឡើង០,៥%ក្នុងឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ថ្លៃ០,៤%ក្នុងឆ្នាំ២០២០។ មន្ត្រីក្រសួងដែនដីមួយរូបបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ទំនុកចិត្តច្រើនជាងមុននៅក្នុងទីផ្សារ និងអត្រាការប្រាក់ទាបបានរួមចំណែកធ្វើឱ្យតម្លៃលំនៅដ្ឋាន និងតម្លៃដីធ្លីហក់ឡើង។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុន បានកើនឡើង ១,៦%ក្នុងឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ចុះ៤,៥%ក្នុងឆ្នាំ២០២០ នៅពេលធនាគារកណ្តាលជប៉ុន រក្សាអត្រាការប្រាក់ឱ្យនៅទាបខ្លាំង។

មន្ត្រីដដែលនិយាយថា តម្លៃដីលំនៅដ្ឋានក្នុងទីក្រុងធំៗចំនួន៤ដូចជាក្រុង Sapporo ក្រុង Sendai ក្រុង Hiroshima និងក្រុង Fukuoka បានហក់ឡើង៥,៨%ដោយសារការកើនឡើងតម្រូវការខុនដូក្នុងតំបន់ជាយក្រុងដែលមានតម្លៃទាប។ ទន្ទឹមនេះតម្លៃដីលំនៅដ្ឋានក្នុងតំបន់ក្រុងតូក្យូ បានហក់ឡើង០,៦%។

ទោះជាយ៉ាងណា តួលេខទាំងនេះគឺតិចតួចណាស់ បើធៀបនឹងបណ្ដាសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ជាដើមដែលតម្លៃលំនៅដ្ឋានបានហក់ឡើងដល់ទៅ២ខ្ទង់។

តម្លៃដីពាណិជ្ជកម្មរបស់ប្រទេសជប៉ុន បានហក់ឡើង០,៤%ក្នុងឆ្នាំ២០២១ ក្រោយពីធ្លាក់ថ្លៃ០,៨%ក្នុងឆ្នាំ២០២០ ដែលឆ្លុះបញ្ចាំងពីកម្សោយនៃតម្រូវការអចលនទ្រព្យក្នុងចំណោមសណ្ឋាគារ ហាង និងភោជនីយដ្ឋានដោយសារការរឹតបន្តឹងព្រំដែន។

ទន្ទឹមនឹងនេះ តម្លៃដីឧស្សាហកម្មទូទាំងប្រទេសជប៉ុន សម្រាប់សាងសង់រោងចក្រ និងឃ្លាំងជាដើមបានហក់ឡើង២,០%ក្នុងឆ្នាំ២០២១ ដែលជាការហក់ឡើងថ្លៃរយៈពេល៦ឆ្នាំជាប់ៗគ្នា ក្រោយពីហក់ឡើង០,៨%ក្នុងឆ្នាំ២០២០៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here