សម្តេចតេជោ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងយល់ព្រមផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រហើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមផ្តល់ជំនួយសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ភ្ជាប់ទៅអរិយក្សត្រហើយ។

សម្តេចតេជោ ហ៊ុន សែន អះអាងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចបានបញ្ជាក់ជាថ្មីម្តងទៀតនូវជម្រើសនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលមានការលេចឡើងកន្លងមកនោះជាព័ត៌មានពិតហើយ។

សម្តេចបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា មិត្តកូរ៉េបានយល់ព្រមជាមួយយើងលើការសិក្សានិងត្រៀមផ្តល់ហិរញ្ញប្បទាននិងជំនួយឥតសំណងសម្រាប់ការសាងសង់ស្ពាន ហើយបានសិក្សាជ្រើសរើសនូវជម្រើសនិងទីតាំងជាច្រើន រហូតដល់៥ទៅ៦ជម្រើស”។

កន្លងមកសម្តេចបានពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងរួចរាល់ហើយ ក្នុងកំឡុងពេលទស្សនកិច្ចរបស់សម្តេចនាពេលកន្លងមក សូមឱ្យគាំទ្រនូវគម្រោងដែលសម្តេចបានសម្រេច។

សម្ដេចបញ្ជាក់បន្ថែមថា អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសម្រេច សន្យាថានឹងពិនិត្យគាំទ្រនូវគម្រោងនោះ។ សម្តេចសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីនឹងបន្តការគាំទ្រចំពោះគម្រោងនេះ។

ជម្រើសធំៗ មានពីរ ដោយជម្រើសទី១ គឺការសាងសង់ចាប់ពីជ្រោយចង្វា ឆ្លងកាត់ទន្លេមេគង្គទៅស្វាយជ្រុំ។ សម្រាប់ជម្រើសនេះ សម្តេចបញ្ជាក់ថា នឹងអាចបណ្តាលឱ្យកកស្ទះចរាចរណ៍នៅជ្រោយចង្វារ ដែលបណ្តាលឱ្យមានការលំបាក។

ជម្រើសទី២ គឺចាប់ពីផ្សាររាត្រី ត្រង់សួនច្បារផ្សារចាស់ ឆ្លងកាត់ទន្លេសាប ទៅចុះនៅជ្រោយចង្វារ បន្ទាប់ទៅ បន្តពីជ្រោយចង្វារទៅកាន់អរិយក្សត្រ។ ស្ពានមានចំនួនពីរ។ ជម្រើសនេះអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារបានផងដែរ។

ជម្រើសដែលសម្តេចបានសម្រេចគឺជម្រើសទី២ គឺចាប់ពីផ្សាររាត្រី ត្រង់សួនច្បារផ្សារចាស់ ឆ្លងកាត់ទន្លេសាប ទៅចុះនៅជ្រោយចង្វារ បន្ទាប់ទៅ បន្តពីជ្រោយចង្វារទៅកាន់អរិយក្សត្រ។

សម្តេចបញ្ជាក់ថា សំណង់ស្ពាននេះប្រើប្រាស់ដែកខ្សែកាបខ្ពស់ មិនមានសសរទេ ដោយសារស្ពានផ្នែកខាងទន្លេសាបអាចមានការប្រើប្រាស់សម្រាប់ពិធីបុណ្យអុំទូក ដូច្នេះមិនអាចសាងសង់ស្ពានមានសសរបានឡើយ។ ចំណែកស្ពានម្ខាងទៀតនៃទន្លេមេគង្គ ក៏ត្រូវការចរាចរណ៍ផ្លូវទឹកផងដែរ។

សម្តេចតេជោបន្ថែមថា ស្ពានខ្សែកាបនេះមិនត្រឹមតែសម្រាប់ចរាចរណ៍ប៉ុណ្ណោះទេ តែក៏អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តបានផងដែរ។

សម្តេចបន្តថា នេះជាផលប្រយោជន៍បានពីទំនាក់ទំនងការទូតល្អរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូង ហើយសម្តេចមានមោទនភាពក្នុងនាមជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here