ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានខ្សែកាបមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ទៅអរិយក្សត្រនឹងក្លាយជាស្ពានមួយដ៏ទំនើបដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តបានផងដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
កន្លងមក សម្តេចតេជោបានសម្រេចលើជម្រើសជម្រើសទី២នៃការសាងសង់ស្ពាននេះគឺ សាងសង់ចាប់ពីផ្សាររាត្រី ត្រង់សួនច្បារផ្សារចាស់ឆ្លងកាត់ទន្លេសាបទៅចុះនៅជ្រោយចង្វារ និងបន្តពីជ្រោយចង្វារទៅកាន់អរិយក្សត្រ។
សម្តេចបញ្ជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសម្រេច សន្យាថានឹងពិនិត្យគាំទ្រនូវគម្រោងស្ពានខ្សែកាបមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនេះ។ សម្តេចសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីនឹងបន្តការគាំទ្រចំពោះគម្រោងនេះ។
សម្តេចបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ប្រធានាធិបតី ម៉ូន ជេអ៊ីន ថា បើស្ពានប្រភេទនេះ កើនឡើងនៅទឹកដីកម្ពុជា វានឹងកា្លយជារបស់មួយ ដែលទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសសរផង”។
សម្តេចបន្ថែមថា “ប្រសិនបើបានស្ពាននេះមួយ នោះទីក្រុងភ្នំពេញនឹងក្លាយទៅជាកន្លែងដែលគេមកទស្សនាកំសាន្ត ដែលគេមកមើលស្ពាននេះ។ ឥលូវនេះ មានគេទៅលេងសៀមរាបដើម្បីតែទៅមើលផ្លូវស្អាតៗ។ សម្រាប់ភ្នំពេញ បើបានស្ពាននេះ នឹងក្លាយជាមជ្ឈមណ្ឌលកំសាន្តមួយ”។
សម្តេចបន្តថា នេះជាផលប្រយោជន៍បានពីទំនាក់ទំនងការទូតល្អរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូង ហើយសម្តេចមានមោទនភាពក្នុងនាមជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ៕