ដោយ៖ សុខុម
ហុងកុង: ក្រុមហ៊ុន Evergrande បានអះអាងកាលពីថ្ងៃអង្គារ ទី២២ មីនាថា ធនាគារបានរឹបអូសសាច់ប្រាក់របស់ខ្លួនរហូតដល់ទៅ២ពាន់លានដុល្លារ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលកំពុងជាប់ផុងក្នុងបំណុលជាង៣០០ពាន់លានដុល្លារអាមេរិក នេះបានប្រកាសពន្យារពេលចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន។
ក្រុមហ៊ុន Evergrande និយាយថាខ្លួននឹងមិនអាចចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១របស់ខ្លួនតាមការតម្រូវត្រឹមថ្ងៃទី៣១ ខែមីនាបានទេ ដោយសារភាពយឺតយ៉ាវបញ្ហាសវនកម្ម។
ឆ្នាំ២០២១ជាឆ្នាំដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សមួយនេះចាប់ផ្ដើមជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងររហូតឈានទៅដល់ការខកខានសងបំណុលរបស់ខ្លួនតាមពេលវេលាកំណត់ជាបន្តបន្ទាប់ នៅពេលតម្លៃនិងសកម្មភាពក្នុងវិស័យអចលនទ្រព្យដ៏ធំរបស់ប្រទេសចិនបានដាំក្បាលចុះខ្លាំង។
ក្រុមហ៊ុនបុត្រសម្ព័ន្ធEvergrande Property Services របស់ Evergrande អះអាងថា ធនាគារមួយចំនួនបានរឹបអូសប្រាក់តម្កល់របស់ខ្លួនចំនួន២,១ពាន់លានដុល្លារ ដែលខ្លួនដាក់តម្កល់ជា “ទ្រព្យធានាសម្រាប់តតិយជន” ឬភាគីទី៣។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ចេញឈ្មោះធនាគារទាំងនោះបានទេ ដោយគ្រាន់តែនិយាយថា ធនាគារទាំងនោះបានកាន់កាប់ប្រាក់ទាំងនោះហើយនៅពេលនេះ។ ក្រុមហ៊ុននេះនិយាយថា ខ្លួននឹងបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតរឿងនេះ៕