យូណេស្កូគ្រោងប្រកាសលទ្ធផលសំណើដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅខែមិថុនាខាងមុខ

0

ដោយ: ម៉ាលីស

ភ្នំពេញ: លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា អង្គការយូណេស្កូគ្រោងនឹងប្រកាសលទ្ធផលសម្រេចនូវសំណើសុំដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងខែមិថុនាខាងមុខនេះ ឬលើសបន្ដិចបន្ដួច អាស្រ័យលើអង្គការយូណេស្កូ ប៉ុន្ដែស្ថិតនៅឆ្នាំ២០២២នេះ។

លោកស្រីបានបញ្ជាក់ដូចនេះ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) នៅខេត្តសៀមរាប។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជូនឯកសារស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរទៅអង្គការយូណេស្កូរួចហើយ កាលពីខែមករា ឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូមានផ្ទៃដីទំហំជាង៨.៧០០ហិកតា ស្ថិតនៅឃុំស្រយ៉ង់ ក្នុងស្រុកគូលែន ដោយគ្របដណ្ដប់ភូមិ៣គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយ៉ង់ជើង នៃខេត្តព្រះវិហារ

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា កិច្ចប្រជុំអាយស៊ីស៊ីព្រះវិហានេះបានធ្វើបទបង្ហាញជាច្រើនពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យអង្គការយូណេស្កូវាយតម្លៃលើការអភិរក្សនិងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារបានអនុវត្ដកន្លងមក។

ប្រាសាទដែលបានធ្វើបទបង្ហាញនោះមានការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។ ការងារកំណាយបុរាណ នៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here