ការពន្យារពេលលើគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមណ្ឌលគីរីកំពុងជះឥទ្ធិពលដល់វិស័យដីធ្លី

0

ដោយ៖ វឌ្ឍនៈ

មណ្ឌលគីរី ៖ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគីរី ដែលគ្រោងសាងសង់នៅដើមឆ្នាំ២០២២នេះ ត្រូវបានប្រកាសពន្យារពេលដោយមិនទាន់កំណត់ពេលវេលា ដែលការពន្យានេះបាននិងកំពុងជះឥទ្ធិពលដល់វិស័យដីធ្លីក្នុងខេត្តមណ្ឌលបណ្ដើរៗផងដែរ។

លោក មាឃ ឬទ្ធីជ័យ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរី បានឱ្យដឹងថា កាលពីមុនពេលគម្រោងនេះប្រកាសពន្យារពេលសាងសង់ឃើញថាវិនិយោគិនក្នុងស្រុកជាច្រើនបានសម្រុកមកកាន់ខេត្តមណ្ឌលគីរី ដើម្បីស្វែងរកដីធ្លីដើម្បីទុកលក់ចំណេញនិងទុកអភិវឌ្ឍន៍នៅពេលអនាគត។

លោកមានប្រសាសន៍ថា “ប៉ុន្តែនៅពេលគម្រោងនេះបានប្រកាសពន្យារ ឃើញថាវិស័យដីធ្លីនៅក្នុងខេត្តមណ្ឌលគីរី ក៏ចាប់ផ្ដើមរងផលប៉ះពាល់បន្តិចម្ដងៗហើយផងដែរ”។

លោកបន្តថា “អ្នកដែលធ្លាប់ស្វះស្វែងរកទិញដីនៅមណ្ឌលគីរីបានដកថយទៅវិញជាបន្តបន្ទាប់ ហើយគម្រោងដែលពួកគេប្រកាសនឹងចាប់ផ្ដើមអភិវឌ្ឍន៍ក៏មិនទាន់បានចាប់ផ្ដើមនៅដើមឆ្នាំ២០២២នេះ តែចំពោះតម្លៃដីធ្លីវាមិនជាធ្លាក់ចុះខ្លាំងនោះទេ ពោលគឺធ្លាក់ចុះតិចតួច”។

លោកបន្ថែមថា រាល់ការវិនិយោគដីធ្លីនិងអចលនទ្រព្យនៅក្នុងខេត្តមណ្ឌលគីរីភាគច្រើនជាអ្នកវិនិយោគនៅក្នុងស្រុកដោយមិនទាន់មានវិនិយោគិនបរទេសចូលទៅបណ្ដាក់ទុនវិនិយោគនៅឡើយ។ គម្រោងវិនិយោគភាគច្រើននៅក្នុងខេត្តមណ្ឌលគីរីក៏ជាគម្រោងប្រភេទជាតំបន់លំហែដូចជា ផ្ទះលំហែ រមណីយដ្ឋាន រីសតជាដើម។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា មណ្ឌលគីរីជាខេត្តរមណីយដ្ឋានធម្មជាតិមួយ ដែលកំពុងតែមានសក្ដានុពល។ ដូច្នេះខេត្តនេះនឹងទទួលបានការអភិវឌ្ឍទៅលើផ្ទះលំហែកាយនិងវិស័យដែលគាំទ្រដល់សេវាកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាដើម។

លោកថា ”វិនិយោគិនបរទេសអាចនឹងចូលទៅកាន់ខេត្តមណ្ឌលគីរីនៅពេលខាងមុខដើម្បីស្វែងរកការវិនិយោគរបស់ខ្លួនទៅតាមជំនាញ ខណៈរដ្ឋាភិបាលក៏បានសាងសង់ផ្លូវកាន់តែមានភាពងាយស្រួលធ្វើដំណើរពីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗទៅកាន់ខេត្តមណ្ឌលគីរី”។

លោកស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានបញ្ជាក់អាកាសយានដ្ឋានមណ្ឌលគីរីត្រូវបានពន្យារពេលក្នុងការអភិវឌ្ឍដោយមិនទាន់កំណត់ពេលវេលានៅឡើយ ដោយសារតែបញ្ហាកូវីដ១៩ ហើយអ្នកជំនាញការរបស់ចិនក៏មិនទាន់អាចចុះមកវាយតម្លៃលើការអភិវឌ្ឍនៃគម្រោងអាកាសយានដ្ឋាននេះបាននៅឡើយ។

លោកបន្តថា ប៉ុន្តែគម្រោងអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀតរបស់កម្ពុជាដែលកំពុងសាងសង់នៅតែដំណើរការទៅមុខដោយរលូន។ ជាក់ស្ដែង គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here