ដោយៈសុខុម
អន្តរជាតិ: បុរសខ្លាំងអធិរាជខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសបញ្ជាឱ្យកងទ័ពរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្បែរខាង ដែលធ្វើឱ្យកក្រើកពិភពលោកទាំងមូល។
តាំងពីបើកការវាយប្រហារ ដែលមានឈ្មោះប្រតិបត្តិការពិសេសកាលពីថ្ងៃ២៤ កុម្ភៈរហូតមកទល់ពេលនេះ តើទាហានរុស្ស៊ី និងទាហានអ៊ុយក្រែន ព្រមទាំងជនស៊ីវិល បានស្លាប់អស់ប៉ុន្មាននាក់ហើយ ចាប់តាំងពីសង្គ្រាមឈ្លានពានបានផ្ទុះមក? ។
ផ្អែកតាមរបាយការណ៍បច្ចុប្បន្នភាពមួយ ដែលដកស្រង់ប្រភពក្រសួងការពារជាតិរុស្ស៊ី បង្ហាញថា កងទ័ពរុស្ស៊ី ចំនួន៩.៨៦១នាក់បានបាត់បង់ជីវិត និង១៦.១៥៣នាក់ទៀត បានរងរបួសក្នុងសង្គ្រាមនៅអ៊ុយក្រែន រហូតមកទល់ពេលនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃពុធ ទី២៣ ខែមីនា នេះ។
ទោះជាយ៉ាងណា ភាគីខាងអ៊ុយក្រែន បានអះអាងថា ចំនួនទាហានរុស្ស៊ី ស្លាប់ពិតប្រាកដគឺមានចំនួនច្រើនជាងនេះឆ្ងាយ។
គេហទំព័របរទេស www.aa.com បានចុះផ្សាយកាលពីថ្ងៃទី២០ ខែមីនា ដោយដកស្រង់ប្រភពខាងភាគីអ៊ុយក្រែនថា នៅក្នុងសង្គ្រាមនេះរហូតមកទល់ពេលនេះ ទាហានរុស្ស៊ី រហូតដល់ទៅ១៤.៧០០នាក់បានស្លាប់។
យោងតាមគេហទំព័រដដែលឱ្យដឹងទៀតថា សព្វាវុធរុស្ស៊ី យ៉ាងច្រើនត្រូវបានបំផ្លាញក្នុងសង្គ្រាមនេះ រួមមាន យន្តហោះចម្បាំងចំនួន៩៦គ្រឿង ឧទ្ធម្ភាគចក្រចំនួន១១៨គ្រឿង រថក្រោះចំនួន៤៧៦គ្រឿង រថពាសដែកចំនួន១.៤៨៧គ្រឿង និងប្រព័ន្ធការពារដែនអាកាសចំនួន៤៤គ្រឿង។
ទន្ទឹមនេះ ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (OHCHR) ប៉ាន់ប្រមាណថា ជនស៊ីវិលយ៉ាងតិច៩៥៣នាក់បានបាត់បង់ជីវិតគិតត្រឹមថ្ងៃទី២១ ខែមីនា និងប្រមាណ១.៥៥៧នាក់ទៀតរងរបួស ចាប់តាំងពីសង្គ្រាមឈ្លានពាននេះបានផ្ទុះមក។ ទោះជាយ៉ាងណា OHCHR ព្រមានថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះច្រើន។
ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (OHCHR) និយាយថា សង្គ្រាមនេះបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែន រហូតដល់ទៅ១០លាននាក់រត់ចោលផ្ទះសម្បែង ហើយជិត៣,៤លាននាក់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណា គ្មានទិន្នន័យផ្លូវការបញ្ជាក់ពីចំនួនកងទ័ពអ៊ុយក្រែន ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាននេះឡើយ៕ CNN៕