ដោយៈគង់ សូរិយា
ព្រះសីហនុ: ការចាកចេញរបស់អ្នកវិនិយោគ និងជនជាតិចិនយ៉ាងតក់ក្រហល់ ពីក្រុងព្រះសីហនុ បាននិងកំពុងធ្វើឲ្យអ្នកសាងសង់អគារសំរាប់ជួល និងសំរាប់លក់មួយចំនួនរងទឹកភ្នែក។
តើរហូតមកទល់ពេលនេះ ស្ថានភាពអគារកប់ពពក ដែលដុះឡើងដូចផ្សិតនៅក្រុងព្រះសីហនុ មានសភាពយ៉ាងណា? យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងត្រូវបានផ្តល់ជូនដោយអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុ បានឲ្យដឹងកាលពីសប្តាហ៍មុនថា គិតមកទល់បច្ចុប្បន្ននេះ អគារដដែលបានសាងសង់រួច និងកំពុងដំណើរការមានចំនួន២៧៨អគារ និងអគារដែលបានបញ្ចប់ការសាងសង់ តែមិនដំណើរការមានចំនួន២៥១អគារ។
របាយការណ៍ដដែលបានបង្ហាញថា បច្ចុប្បន្នក្រុងព្រះសីហនុ មានអគារកំពុងសាងសង់ចំនួន៧៨អគារ និងអគារដែលបានផ្អាកការសាងសង់មាន រហូតដល់៣៦៨អគារ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនអគារខ្ពស់ៗនៅក្រុងព្រះសីហនុ មានចំនួនច្រើន និងបន្តមានភាពរីកចម្រើនលឿនបន្ថែមទៀតនាពេលអនាគត។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកវង្ស៊ី វិស្សុត ដែលជារដ្ឋលេខាធិកាប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលមានផែនការធ្វើយ៉ាងណាឲ្យអគារ ដែលបានផ្អាកការសាងសង់នៅក្រុងព្រះសីហនុ ដំណើរការសាងសង់ឡើងវិញនាពេលឆាប់ៗ ប៉ុន្តែលោកមិនបញ្ជាក់លំអិត ពីការប្រើប្រាស់មធ្យោបាយបែបណាឡើយ៕