អារ៉ាប៊ីសាអូឌីតគ្រោងស្ថាបនាស្ពានដីគោកមួយដែលអាចមានទំហំទុនវិនិយោគដល់ទៅ២៦ពាន់លានដុល្លារ

0

ដោយៈសុខុម

ក្រុងរីយ៉ាដ: គម្រោងស្ពានដីគោក (Landbridge) មួយដែលនឹងតភ្ជាប់ប៉ែកខាងលិច និងប៉ែកខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងមានទំហំទុនវិនិយោគឈានដល់២៦ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែមីនា។

លោក Saleh Al-Jasser រដ្ឋមន្ត្រីដឹកជញ្ជូន និងភ័ស្តុភារប្រទេសនេះរំពឹងថា ការចំណាយផ្ដាច់ព្រ័ត្រក្នុងគម្រោងនេះ នឹងរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ និងរថភ្លើងផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Rotana Khalejia ថា រដ្ឋមន្ត្រីរូបនេះ បានលើកឡើងបានលើកឡើងថា កិច្ចសន្យាក្នុងគម្រោងនេះ នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលមួយឆ្នាំនេះ ហើយការអនុវត្តគម្រោងនេះ នឹងចំណាយពេលពី៥ឆ្នាំទៅ៧ឆ្នាំ។

លោកបានបន្ថែមទៀតថា “យើងបានធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិ ដែលដឹកនាំដោយក្រុមហ៊ុនចិនមួយ និងរួមទាំងក្រុមហ៊ុនជាតិអស់រយៈពេលពីរឆ្នាំមកហើយ”។

លោកបានបន្តថា “ប្លង់គម្រោងដ៏ពេញលេញមួយ ត្រូវបានគូរឡើងរួចហើយ ដែលការចំណាយ និងទីតាំងក៏ត្រូវបានកំណត់រួចហើយដែរ”។ លោក​បន្តថា “គម្រោងនេះ នឹងរួមបញ្ចូលមជ្ឈមណ្ឌលដឹកជញ្ជូនចំនួន៧ ហើយនឹងលើកកម្រិតកម្ពស់នៃផ្លូវ ដែលមានស្រាប់ពីទីក្រុងរីយ៉ាដ ឆ្ពោះទៅខេត្តភាគខាងកើត (Eastern Province) ផងដែរ”។

គម្រោងស្ពានដីគោកនេះ ត្រូវបានចាត់ទុកជាគម្រោងដ៏សំខាន់បំផុតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយវាពិតជាជួយសម្រួលវិស័យភ័ស្តុភារបានច្រើន បន្ទាប់ពីគម្រោងនេះបញ្ចប់ជាស្ថាពរ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here