អ្នកជំនាញថាការពុះដីឡូតិ៍មិនត្រឹមត្រូវបច្ចេកទេសអាចប្រឈមនឹងវិបត្តិ ជាប់គាំងការលក់ចេញ

0

ដោយៈសុផារី

ភ្នំពេញៈ អាជីវកម្មដីឡូតិ៍ បានទទួលបានការពេញនិយមយ៉ាងខ្លាំង មិនត្រឹមតែដី នៅក្នុងតំបន់ជាយក្រុងភ្នំពេញប៉ុណ្ណោះទេ តែក៏បានពង្រីកទៅកាប់បណ្តាខេត្តទេសចរណ៍សំខាន់ៗមួយចំនួនផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីវកម្មប្រភេទនេះ តម្រូវឱ្យធ្វើឡើងក្នុងក្របខណ្ឌការអភិវឌ្ឍ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។

អ្នកជំនាញមើលឃើញថា សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ពុះដីឡូតិ៍មិនត្រឹមត្រូវតាមបច្ចេកទេស អាចប្រឈមនឹងវិបត្តិជាប់គាំងការលក់ចេញបាន។

លោក សន សៀប ប្រធានក្រុមហ៊ុនអចលនទ្រព្យKey Real Estate បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ មិនានេះថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបាន និងកំពុងតម្រង់ទិសអាជីវកម្មដីឡូតិ៍។ កន្លងមក ប្រសិនបើមានដីអាចដំណើរការពុះដីឡូតិ៍លក់ បានដោយមិនមានបញ្ហា ប៉ុន្តែនាពេលបច្ចុ​ប្បន្ននេះ ច្បាប់សម្រាប់គ្រប់គ្រងដីឡូតិ៍ត្រូវបានបង្គើតឡើង។

លោកបញ្ជាក់ថា “សម្រាប់អាជិវកម្មទំហំចាប់ពី១ហិចតា ឡើងទៅ ម្ចាស់អាជីវកម្ម ត្រូវសុំការអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រសិនបើលើសពីនេះ ត្រូវសូមអាជ្ញាបណ្ណអាជីវកម្មពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ”។

លោកសន សៀបបានបន្តថា បែបបទនៃការពុះដោះឡូតិ៍ មានច្រើនដូចជា ការរៀបចំពុះលក់ដីឡូតិ៍ត្រូវរៀបចំ ឱ្យត្រូវក្បួនខ្នាតត្រឹមត្រូវ ដូចជា ការកសាងផ្លូវ ការទុកចិញ្ចើមផ្លូវ របៀបលក់ ការកាត់ឡូតិ៍ របៀបបែងចែកប្លង់ ។ល។

ជាមួយគ្នានេះ លោកCooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យYoungsia Real Estate និងជាម្ចាស់គម្រោងដីឡូតិ៍លំហែបូកគោលែន ក្នុងខេត្តកំពត មានប្រសាសន៍ថា គម្រោងដីឡូតិ៍ដែលជោគជ័យ មិនមែនជាគម្រោង ដែលលក់ឱ្យអតិថិជនដាច់អស់លឿនតែម្យ៉ាងទេ តែធ្វើយ៉ាងណាទាក់ទាញឱ្យអតិថិជន មកអភិវឌ្ឍន៍មកសង់ផ្ទះនិងមករស់នៅ។

លោកបន្តថា “មានគម្រោងខ្លះអភិវឌ្ឍន៍ពីរបីឆ្នាំហើយ តែពេលអតិថិជនចង់មកអភិវឌ្ឍន៍ក៏មិនអាចធ្វើទៅបាន ដោយសារខ្វះប្រព័ន្ធទឹក ភ្លើង ផ្លូវជាដើម តែសម្រាប់គម្រោងរបស់លោក គឺគម្រោងបូកគោលែន អតិថិជនទិញហើយ មិនឱ្យរង់ចាំយូរនោះទេ”។

ចំណែកលោកព្រាប កុល ទីប្រឹក្សាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា គម្រោងពុះដីឡូតិ៍មាននៅតាមបណ្តាខេត្តសក្តានុពលមួយចំនួន មានការកើតឡើងជាបន្តបន្ទាប់។

អ្វីដែលលោកមានការព្រួយបារម្ភគឺ ការអភិវឌ្ឍដីឡូតិ៍យ៉ាងណាឱ្យលក់ដាច់បានច្រើន ទទួលបានផលចំណេញបានខ្ពស់ និងផ្តល់នូវអត្ថប្រយោជន៍ជូនដល់ភ្ញៀវអ្នកទិញបាន ដូចជា មានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង នានាឱ្យបានគ្រប់គ្រាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here