វិស័យអចលនទ្រព្យកម្ពុជានឹងសម្រេចបានតាមការព្យាករណ៍ឬយ៉ាងណា

0

    ដោយៈគង់ សូរិយា

      ភ្នំពេញៈ ខណៈដែលសុទិដ្ឋិនិយមត្រូវបានស្លោកស្រពោន ដោយសារវិបត្តិចំនួនពីរ បានធ្វើឲ្យអ្នកជំនាញក្នុងវិស័យនេះ មិនសូវមានសុទិដ្ឋិនិយមខ្ពស់ពេកនោះទេ លើល្បឿននៃការអភិវឌ្ឍ ស្របពេលលំហូរទុនវិនិយោគពីបរទេសហាក់ត្រូវបានជាប់គាំងនៅដើមឆ្នាំនេះ។

ទីផ្សារបុរីបានជាប់គាំង ដោយគំរោងជាច្រើនបានពន្យាពេលសាងសង់ ពិសេសបុរីថ្មីៗនៅតាមផ្លូវជាិលេខ៦អាបាននិងកំពុងបង្អង់ល្បឿនរបស់ពួកគេ លើការសាងសង់សំណង់បុរីនានា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីចុងឆ្នាំមុនបានព្យាករណ៍ថា ការរីកចម្រើនក្នុងវិស័យសំណង់នឹងកើនឡើងក្នុងរង្វង់៤,៨ភាគរយ កើនឡើងទ្វេរដងបើធៀបនឹងឆ្នាំ២០២១កន្លងមកនេះ។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍កន្លងមកថា វិបត្តិអូមីក្រុង និងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី លើទឹកដីអ៊ុយក្រែន បាននិងកំពុងបង្អាក់ការសាងសង់ ដែលល្បឿននៃការសាងសង់យឺតជាងមុន ព្រោះការលក់មានការធ្លាក់ចុះខ្លាំង។

លោកបន្តថា “ទីផ្សារកំពុងរងផលប៉ះពាល់ ប៉ុន្តែវាមិនមានសញ្ញាធ្ងន់ធ្ងរពេកទេ ប៉ុន្តែយើងរំពឹងថា សង្រ្គាមនៅអ៊ុយក្រែន នឹងឆាប់បញ្ចប់”។លោកបន្តថា “ការលក់ពិតជាមានសភាពស្ងប់ស្ងាត់ បន្ទាប់ពីសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែនបានចាប់ផ្តើម”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យ មួយចំនួនពិតជាបាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិនេះ ប៉ុន្តែវាមិនសូវមានលក្ខណៈធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែសញ្ញានៃផលប៉ះពាល់បានចាប់ផ្តើមមានឥទ្ឋិពលលើទីផ្សារបណ្តើរៗហើយ។

អ្នកស្រីបន្តថា “យើងមិនអាចនិយាយថា មិនមានផលប៉ះពាល់នោះទេ ប៉ុន្តែផលប៉ះពាល់កម្រិតណា វាអាស្រ័យតាមផ្នែកនិមួយៗ”។

ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារអចលនទ្រព្យ ចរន្តទិញលក់ នៅតែបន្តមានសកម្មភាព ហើយវិស័យនេះមិនប្រឈមហានិភ័យនៃការជាប់គាំងនោះទេ ដោយសារស្ថាប័នហិរញ្ញវត្ថុនានានៅតែបន្តផ្តល់ឥណទាន។

លោកបន្តថា “ទោះជាយ៉ាងណាផលប៉ះពាល់មួយចំនួន ពិតជាកើតមាន ប៉ុន្តែវាមិនទាន់ឃើញសញ្ញាគួរឲ្យបារម្ភពេកនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here