ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅដើមឆ្នាំ ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅកម្ពុជា នៅតែបន្តទទួលរងឥទ្ធិពល និងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ ដោយតំបន់ខ្លះដែលធ្លាប់តែមានភាពប្រសើរ បែរជាមិនសូវមានសកម្មភាពនៃការទិញលក់ ។
លោកអ៉ឹង ប៊ុនហ៊ួត ប្រធានទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យភីស៊ីវរៀលអេស្ទេត នៅតំបន់ជាយក្រុងភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃៃទី២៥ មិនាថា រហូតមកដល់ពេលនេះ ស្ថានភាពនៃការទិញលក់ ចង់ស្ងាត់ និងពិបាកជាងអំឡុងពេលរដ្ឋាភិបាលបិទខ្ទប់បប្រទេសទៅទៀត ហើយពេលនេះក៏កំពុងតែមានបញ្ហា លើការលក់អចលនទ្រព្យរួមមានដីឡូត៏ និងផ្ទះនៅតំបន់ជាយៗក្រុងផងដែរ ។
លោកបន្តថា “ពួកយើងកំពុងតែរកវិធី និងដោះស្រាយដែលកំពុងតែកើតមានផងដែរ ។ យ៉ាងណាក្ដី បើក្រលេកទៅមើលស្ថានភាព នៃការអភិវឌ្ឍរបស់អ្នកអភិវឌ្ឍន៍នៅតែបន្ត ដោយមិនមានក្រុមហ៊ុនផ្អាកឬបញ្ឈប់សកម្មភាព គ្រានតែសកម្មភាពនៃការទិញលក់បានថមថយជាងកាលពីមុនទៅទៀត”។ លោកបន្តថា”ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងពេលនេះ មិនទាន់មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នៅឡើយទេ ហើយខ្ញុំក៏មិនមានយោបល់អ្វីច្រើន ដូចជាអ្នកចំនួនលើកឡើងថាកើនឡើងនោះដែរ ”។
លោកអ៉ឹង ប៊ុនហួតបានបន្ថែមថា ស្ថានភាពអចលនទ្រព្យយើងនៅពេលនេះ បន្តពឹងផ្អែកលើអតិថិជន និងវិនិយោគិនក្នុងស្រុក ខណៈអ្នកវិនិយោគបរទេស ហាក់នៅតែបន្តស្ងប់ស្ងាត់ ដូច្នេះហើយទើបធ្វើឱ្យរំហូរទុនវិនិយោគ ពីបរទេសនៅកម្ពុជាបន្តស្ថិតនៅក្នុងកម្រិតទាប តែបើសិនជាបរទេសចូលមកកាន់តែច្រើន នឹងធ្វើឱ្យពលរដ្ឋកម្ពុជា មានចំណូលកាន់តែច្រើន និងអាចមានលទ្ធភាពកក្នុងការទិញផ្ទះទិញដីកាន់តែច្រើនផងដែរ ។
ចំណែកលោករិន ច័ន្ធរឹទ្ធ អគ្គនាយកក្រុមហ៊ុនDNZ Realtyក៏បានឱ្យដឹងថា ឆ្នាំនេះ ការលកខុនដូរបស់ក្រុមហ៊ុនលោក ក៏មានការធ្លាក់ចុះដែរ ដោយសារតែអ្នកដែលបានទិញ គេទិញរួចហើយកាលពីមុនកូវីឌ១៩ ឬកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។
លោកបន្តថា “ទោះបីជាការទិញ លក់មានការធ្លាក់ចុះក៏ពិតមែនតែបើក្រលេកទៅមើលតម្លៃខុនដូ មិនមានការថមយថយឬក៏ធ្លាក់ចុះខ្លាំងនោះទេ ហើយបើសិនជាមានការដាក់តម្លៃ ទាបជាងមុននឹងធ្វើឱ្យអតិថិជនទិញមុនៗ អន់ចិត្ត ហើយក៏អាចប៉ះពាល់ដល់ទីផ្សារខុនដូផងដែរ”៕