ដោយៈសុខុម
ប៉េកាំងៈ ក្រុមហ៊ុនប្រេងកាត និងគីមីខ្នាតយក្សរបស់ប្រទេសចិន China Petroleum & Chemical Corp ដែលគេស្គាល់ថា Sinopec មានគម្រោងបោះទុនវិនិយោគច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០២២ នេះ។
ផែនការនេះធ្វើឡើង ក្រោយពីក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍មកនេះ និងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង អំពាវនាវឱ្យក្រុមហ៊ុនថាមពលនានាបង្កើនផលិតកម្មដើម្បីក្ដោបក្ដាប់ទីផ្សារ។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលខ្លួនផ្ញើទៅកាន់ផ្សារភាគហ៊ុនក្រុង Shanghai កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ក្រុមហ៊ុន Sinopec រំពឹងថានឹងបោះទុនវិនិយោគរហូតដល់ទៅ៣១,១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ដោយកើនឡើង១៨%បើធៀបនឹងឆ្នាំ២០២១ និងបំបែកកំណត់ត្រាចាស់២៨,៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៣។
ក្រុមហ៊ុន Sinopec បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា “សម្លឹងមើលទៅមុខក្នុងឆ្នាំ២០២២ តម្រូវការទីផ្សារសម្រាប់ប្រេងចម្រាញ់រួច នឹងបន្តងើបឡើងវិញ ហើយតម្រូវការសម្រាប់ឧស្ម័នធម្មជាតិ និងផលិតផលគីមីឥន្ធនៈនឹងបន្តកើនឡើង”។
ទន្ទឹមនេះក្រុមហ៊ុននេះ ក៏បានព្រមានពីផលប៉ះពាល់ ដែលអាចកើតមានឡើង បណ្ដាលពីបញ្ហាប្រឈមផ្នែកភូមិសាស្ត្រ នយោបាយ និងតម្លៃប្រេងដែលប្រែប្រួលឡើងចុះ មិនទៀងដោយសារការវិនិយោគ និងប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ចេញឈ្មោះ គម្រោងជាក់លាក់ណាមួយឡើយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Sinopec Group បានផ្អាកការចរចាសម្រាប់ការវិនិយោគលើគីមីឥន្ធនៈដ៏ធំមួយ និងការបណ្តាក់ទុនលើការធ្វើទីផ្សារឧស្ម័នមួយទៀតក្នុងប្រទេសរុស្ស៊ី ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ខណៈទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្តកើនឡើងដោយសាររុស្ស៊ី ដោយសារប្រទេសននេះ បញ្ឆេះស ង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន៕ Reuters៕