ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ទោះបីរងផលប៉ះពាល់ធ្ងន់នៅក្នុងឆ្នាំ២០២១ក្ដី នៅដើមឆ្នាំ២០២២នេះស្របពេលអាជីវកម្មមួយចំនួនចាប់ផ្ដើមដំណើរការឡើងវិញក៏ធ្វើឱ្យតម្រូវការជួលអចលនទ្រព្យចាប់ផ្ដើមងើបឡើងវិញបន្តិចផងដែរ។
លោកស៊ីម សាមឺឌី ប្រធានផ្នែកលក់នៃក្រុមហ៊ុន RENT KH បានឱ្យដឹងថា តម្រូវការជួលអចលនទ្រព្យកាលពីឆ្នាំ២០២១កន្លងទៅបានធ្លាក់ចុះខ្លាំង តែអ្នកដាក់អចលនទ្រព្យសម្រាប់ជួលមានកំណើនខ្ពស់។
លោកថា “កាលនោះក្រុមហ៊ុនជាច្រើនបានផ្អាកដំណើរការនិងបិទទ្វារអាជីវកម្មដែលធ្វើឱ្យទីតាំងជួលអចលនទ្រព្យនោះនៅទំនេរ និងធ្វើឱ្យម្ចាស់អចលនទ្រព្យដាក់ជួលបន្ត តែយ៉ាងណាក៏ពិបាកក្នុងការរកម្ចាស់អាជីវកម្មមកជួលអចលនទ្រព្យនោះបន្តដែរ”។
លោកបន្តថា នៅដើមឆ្នាំ២០២២នេះ សកម្មភាពសេដ្ឋកិច្ច អាជីវកម្មនានានៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ធ្វើឱ្យតម្រូវការជួលអចលនទ្រព្យក៏កើនឡើងខ្ពស់បន្តិចវិញធៀបនឹងក្នុងឆ្នាំ២០២១កន្លងទៅ។
លោកថា ”នៅពេលបច្ចុប្បន្ននេះ អ្នកផ្គត់ផ្គង់អចលនទ្រព្យសម្រាប់ជួលមិនទាន់ឆ្លើយតបនឹងតម្រូវការអ្នកជួលនៅឡើយទេ បានន័យថាតម្រូវការមានខ្ពស់ ហើយតម្រូវការតិចជាងការផ្គត់ផ្គង់”។
លោកបន្ថែមថា កំណើនប្រជាពលរដ្ឋនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះអ្នករៀបការហើយក៏មានច្រើន។ ក្រោយរៀបការថ្មីថ្មោងពួកគាត់មួយចំនួនក៏មិនទាន់មានលទ្ធភាពក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅដែរ ដូច្នេះជម្រើសល្អ មានតែជួលផ្ទះនៅបណ្ដោះអាសន្នទំរាំសន្សំបានខ្លះទើបពួកគេទិញផ្ទះជារបស់ផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា បច្ចុប្បន្ន អ្នកជួលអចលនទ្រព្យមានទាំងបរទេសនិងអ្នកក្នុងស្រុក ហើយភាគច្រើននៃជនបរទេសគឺជួលទៅលើខុនដូ និងអាផាត់មិន។ សម្រាប់ខ្មែរមិនសូវជាមានតម្រូវការជួលអចលនទ្រព្យប្រភេទនេះទេ តែពួកគេជួលជាផ្ទះល្វែង ឬជួលទីតាំងអាជីវកម្ម។ បើសិនជាជួលការិយាល័យ ធុរជនក្នុងស្រុកក៏ជួលនៅកម្រិតBឬCដែរ ខណៈក្រុមហ៊ុនមកពីប្រទេសគេចូលចិត្តកម្រិតទំនើបA។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា ជាការពិតណាស់ ក្នុងពេលប្រទេសកម្ពុជាមានភាពធូរស្រាលទៅលើជំងឺកូវីដ១៩ តម្រូវការជួលទៅលើការិយា័យ ក្រុមហ៊ុនក៏បានកម្រើកឡើងវិញ ដែលទាមទារឱ្យមានការវិនិយោគបន្ថែមទៅលើអគារការិយាល័យ ជាពិសេសការិយាល័យB C៕