ដោយ៖ សុផារី
ភ្នំពេញ៖ Foreign Direct Investment ជាការវិនិយោគនៃបុគ្គល ឬ ក្រុមហ៊ុននៅក្នុងប្រទេសមួយទៅកាន់ប្រទេសខាងក្រៅមួយឬច្រើនទៀតដោយការវិនិយោគនោះមានទម្រង់ជា ការបើកក្រុមហ៊ុន Franchise បង្កើតជាចង្វាក់ផលិតកម្ម ឬ អាជីវកម្មដោយមានជាការទិញជួល ឬសាងសង់រោងចក្រនិងអាគារផ្សេងៗនៅក្នុងប្រទេសនោះ។
ស្របពេលប្រឈមនឹងវិបត្តិកូវីដ១៩ និងវិបត្តិអតិផរណាដែលបណ្តាលមកពីសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ធ្វើឱ្យលំហូរនៃអ្នកទេសចរនិងវិនិយោគិនធ្វើដំណើរមានចំនួនកម្រិត។ មានសំណួរចោទសួរថាតើអ្នកវិនិយោគិនបរទេសនឹងត្រលប់ចូលមកកាន់កម្ពុជានៅពេលណា?
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា បានបញ្ជាក់កាលពីសប្តាហ៍មុនថា វិស័យអចលនទ្រព្យនៅកម្ពុជាសម្រាប់ដើមឆ្នាំ២០២២ នេះនៅតែបង្ហាញពីចរន្តនៃការទិញលក់ ដំណើរការល្អជាធម្មតា ប៉ុន្តែសម្រាប់ការទិញលក់ជាអន្តរជាតិនៅមានកម្រិត ខណៈការវិនិយោគលើគម្រោងសាងសង់ថ្មីៗក៏មិនមានចំនួនច្រើនគួរឱ្យកត់សម្គាល់នោះដែរ។
លោក ច្រឹក សុខនីម បន្ថែមថា វិស័យអលនទ្រព្យនេះអាចនឹងមានសន្ទុះកើនឡើងវិញខ្លាំងទាល់តែជំងឺកូវីដ១៩ បានផុតរលត់ទៅវិញ ទើបធ្វើឱ្យលំហូវិនិយោគបរទេសកើនឡើងវិញ។
លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសពិសេសថា ក្នុងឆ្នាំ២០២២នេះ ផ្នែកខ្លះនៃវិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់ខ្លាំង ខណៈផ្នែកខ្លះទៀតនៅមានសកម្មភាពទ្រឹងធម្មតា។
លោកស្រីបញ្ជាក់បន្ថែមថា កន្លងមកកម្ពុជានៅតែស្ថិតនៅក្នុងជម្រើសនៃការវិនិយោគរបស់វិនិយោគិនបរទេស ដោយសារទំហំ GDP របស់ប្រទេសកម្ពុជាមានទំហំធំលំដាប់លើៗនៅក្នុងតំបន់អាស៊ី តែដោយសារទីផ្សារកម្ពុជាជាទីផ្សារតូច នោះកម្រិតនៃការវិនិយោគក៏នៅតែមានកម្រិតមួយ។
លោកស្រីមើលឃើញថា “កម្ពុជានៅតែជាទិសដៅនៃការវិនិយោគរបស់បរទេស គ្រាន់តែមានការផ្លាស់ប្តូរទស្សនៈនៃការវិនិយោគរបស់វិនិយោគិនបរទេសទៅលើគម្រោងវិនិយោគដែលមានទំហំតូចល្មមទៅមធ្យមវិញ តែជាគម្រោងដែលមានគុណភាព”។
លោកស្រីបញ្ជាក់ថា វិនិយោគិនបរទេសនាពេលអនាគតនឹងបង្វែរចំណាប់អារម្មណ៍ថ្មីនៃការវិនិយោគទៅលើបច្ចេកវិទ្យា ការវិនិយោគបៃតង ការផ្តោតលើរចនាម៉ូត ជាដើម។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនកម្ពុជាបានចាប់យកការវិនិយោគនេះចំនួន ៤,៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ជាការកើនឡើង២២ភាគរយធៀបនឹងឆ្នាំមុន ដោយមានប្រទេសចិន សហរដ្ឋអាមេរិក និងសិង្ហបុរី ដែលជាអ្នករួមចំណែកធំបំផុតនៅក្នុងលំដាប់នោះ៕