ដោយៈវឌ្ឈនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាបាន និងកំពុងបន្តជួបផលលំបាកពោលគឺតំបន់ខ្លះ បានជួបតាំងពីមុនកូវីដ១៩មកម្លេះ គឺចាប់តាំងពីការចាកចេញរបស់ចិនពីកម្ពុជា ក្រោយការបិទហ្គេមអនឡាញ ហើយក្រោយមកទៀត ក៏បានជួបផលលំបាកដោយសារតែកូវីដ១៩។
រហូតមកដល់ពេលនេះ វិស័យមួយនេះវាបានដល់ដំណាក់កាលមួយគឺស្រួលទិញតែពិបាកលក់ចេញវិញ។
លោកប៉ូ អ៊ាវគង់ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនAdvance Realty បានថ្លែងនៅក្នុង កម្មវិធី “ការផ្ដល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ តាមរយៈ ZOOM ឱ្យដឹងថា ដំណាក់កាលនេះអចលនទ្រព្យ ជាដំណាក់កាលមួយ ដែលងាយស្រួលទិញណាស់ តែពិបាកលក់ចេញវិញ ដែលមានន័យថាការផ្គត់ផ្គង់មានច្រើន អ្នកលក់អចលនទ្រព្យមានច្រើន ប៉ុន្តែអ្នកទិញអចលនទ្រព្យ នៅមិនទាន់មានកំណើនឡើងវិញនៅឡើយទេ ដូច្នេះហើយទើបធ្វើឱ្យតម្រូវអ្នកទិញនៅតែមានកម្រិតនៅឡើយ។
លោកបន្តថា “តាមពិតទៅ វិនិយោគិនចិនមួយចំនួន បានចាកចេញពីកម្ពុជា ក្រោយពេលកម្ពុជាបានប្រកាសបិទហ្គេមអនឡាញ ដែលធ្វើឱ្យតម្រូវការជួលអចលនទ្រព្យ ពីសំណាក់ជនជាតិចិន ក៏បានធ្លាក់ចុះជាបន្តបន្ទាប់និងជំរុញឱ្យតម្លៃដីធ្លី នៅតំបន់មួយចំនួនបានធ្លាក់ចុះទៅតាមនោះដែរ”។
រហូតដល់កម្ពុជាជួបវិបត្តិកូវីដ១៩ រឹតតែធ្វើឱ្យរំហូរវិនិយោគិននិងវិនិយោគទុន មកពីប្រទេសនៅតែបន្តធ្លាក់បន្ថែមទៀត ។ មកដល់បច្ចុប្បន្ននេះ អ្នកវិនិយោគបរទេស នៅតែមិនទាន់ចូលមកកម្ពុជាច្រើន ដូចកាលពីមុនៗនៅឡើយ ហើយអចលនទ្រព្យក៏មានតម្រូវការតែពីអ្នកក្នុងស្រុកដែរ ។
ចំណែកលោក គាម សៀកឡុង ទីប្រឹក្សាគាំទ្រអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាក៏បានថ្លែងថា ថ្វីត្បិតកូវីដ១៩ នៅកម្ពុជាសឹងតែលែងប៉ះពាល់ដល់សេដ្ឋកិច្ច និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្មនានា ក្នុងប្រទេសបានងើបឡើងវិញក៏ពិតមែន ប៉ុន្តែភ្លាមប្រជាពលរដ្ឋ នឹងមិនយកទុនឬលុយ ដែលខ្លួនរកស៊ីចំណេញមកបណ្ដាក់ទុនអចលនទ្រព្យនោះទេ ដូច្នេះហើយទើបយើងមើលឃើញថា អចលនទ្រព្យមួយចំនួនមិនមានតម្រូវការដូចជាខុនដូជាដើម ។
លោកបន្តថា “សម្រាប់អ្នកប្រថុយអ្នកមានទុន មានលុយច្រើនអាចចាប់ឱកាស ក្នុងការយកចំណេញពីជំនួញអចលនទ្រព្យ ពីព្រោះអចលនទ្រព្យពេលគឺងាយស្រួល ក្នុងការចរចាជាមួយអ្នកលក់ និងអាចរកទិញអចលនទ្រព្យតម្លៃក្រោមទីផ្សារ ដែលជាហេតុអាចរកចំណេញវិញនៅពេលស្ថានភាពបានល្អប្រសើរឡើងវិញផងដែរ”៕